សន្ដិសុខសង្គម

ភ្លើងធូបដុតសែនបង្កជាអគ្គិភ័យឆេះបំផ្លាញផ្ទះ៣ខ្នងផ្ទះអស់ទាំងស្រុង

ខេត្តព្រះសីហនុ៖អគ្គិភ័យបង្កពីភ្លើងធូបម្ចាស់ដុតសែនរួចបិទទ្វារនាំគ្នាចេញក្រៅ បណ្តាលឱ្យឆេះបំផ្លាញផ្ទះចំនួន៣ខ្នងផ្ទះជាមួយទ្រព្យសម្បតិ្តជាច្រើនអស់ទាំងស្រុង។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែ​មេសា នៅសង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ មានភ្លើងឆេះផ្ទះមួយ​កើត​ឡើង​បង្កពីម្ចាស់ដុតធូបសែនរួចបិទទ្វារចោល។អគ្គិភ័យនោះបានឆេះផ្ទះចំនួន៣ខ្នងផ្ទះរួមជាមួយទ្រព្យសម្បតិ្ត។ពេលភ្លើងឆេះ កម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យក្រុងនិងខេត្ត បានចេញអន្តរាគមន៍ជួយពន្លត់។គ្រោះមហន្តរាយនេះបានខូចខាតផ្ទះចំនួន៣និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង។

ទី១-ផ្ទះសង់ពីថ្មក្រោមឈើលើដំបូលស័ង្កសី ទំហំ៦ គុណ១២ម៉ែត្រ។ម្ចាស់ឈ្មោះ ថន សុខម៉េង ភេទស្រី អាយុ៦១ឆ្នាំ លក់ខោអាវជជុះ។ផ្ទះទី២-សង់ពីថ្មក្រោមឈើលើដំបូលស័ង្កសីទំហំ៨គុណ១២ម៉ែត្រ ម្ចាស់ឈ្មោះ សោម សារ៉េន អាយុ ៦១ឆ្នាំ ជាមន្ត្រីមន្ទីរកសិកម្មចូលនិវត្តន៍។

ផ្ទះទី៣-សង់ពីថ្មក្រោមឈើលើដំបូលសង្ក័សីទំហំ៨គុណ៩ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ប៊ុន សេង អាយុ៣៩ឆ្នាំ អ្នកលក់ដូរ។ ម្ចាស់ផ្ទះទាំង៣នៅភូមិសង្កាត់ខាងលើ។មូលហេតុបង្កពីផ្ទះទី១-ឈ្មោះថន សុខម៉េងឆេះភ្លើងធូបដុតសែនរួចបិទទ្វារផ្ទះទុកចោល បណ្ដាលឱ្យឆេះផ្ទះរាលដាលដល់អ្នកជិតខាង។ហេតុការណ៍នេះសមត្ថកិច្ចជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៧គ្រឿងប្រើទឹកអស់១២រថយន្ត៕ដោយ៖វិចិត្រ