សន្ដិសុខសង្គម

បញ្ជូនក្រុមកែច្នៃផលិតគ្រឿងញៀន៨នាក់,វត្ថុតាងជាង២គីឡូទៅតុលាការ

ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ព្រឹកថ្ងៃទី៦ ខែមេសា បានបញ្ជូនជនសង្ស័យ៨នាក់ពីបទ​កែច្នៃ-ផលិត-ជួញដូរគ្រឿងញៀន ជាមួយវត្ថុតាងជាង២គីឡូនិងសារធាតុផ្សំជាង១០គីឡូ ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យទាំង៨នាក់នោះ ឈ្មោះ សុខ ផារ៉ា-សែម វាសនា-ផុន វង្សសុភាបណ្ឌិត-ប៉ុលវាសនា-អ៊ុន សាមិត្ត-សុង រតន-ឡុង ប៊ុន និងឈ្មោះ ធី ចាន់ភិរម្យ។ពួកគេមានអាយុពី២៤ដល់៤៨ឆ្នាំ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១ ខែមេសា កម្លាំងមន្ទីរជំនាញ”ក៥” និង”ក៤” ជាមួយនគរបាល​រាជធានីភ្នំពេញ បានសហការបង្ក្រាបករណីជួញដូរ កែច្នៃ និងផលិតគ្រឿងញៀននៅផ្លូវ៦០ម៉ែត្រ មុខផ្សារទំនើបអ៊ីអនម៉ល៣ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ពេលឃាត់ខ្លួនជនសង្ស័យ៨នាក់ សមត្ថកិច្ចចាប់វត្ថុតាងសារធាតុញៀនប្រភេទ​កេតាមីនចនួន២គីឡូ៧៦ក្រាម។

ក្នុងនោះមានសារធាតុផ្សំទម្ងន់១០គីឡូ៦៩០ក្រាម-ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំនិងអាវុធខ្លី១ដើម ។ក្រោយមកជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ​តុលាការភំ្នពេញដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ