អន្តរជាតិ

តៃវ៉ាន់និយាយថា បានរកឃើញយន្តហោះចិន១គ្រឿង នាវាចម្បាំង៣គ្រឿងជុំវិញកោះនៅថ្ងៃនេះ

តៃវ៉ាន់រាយការណ៍បន្ទាន់នៅថ្ងៃព្រហស្បតិ៍ទី ៦ មេសានេះថា បានរកឃើញយន្តហោះចិន១គ្រឿង នាវាចម្បាំង៣គ្រឿងនៅជុំវិញកោះ ខណៈដែលប្រធានាធិបតីសៃអ៊ីងវិនកំពុងស្ថិតនៅសហរដ្ឋអាម៉េរិក។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក និងនាវាចម្បាំងបីគ្រឿងរបស់ចិន ត្រូវបានរកឃើញនៅជុំវិញកោះដែលគ្រប់គ្រងដោយខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ PLA 1 និងនាវា PLAN ចំនួន ៣ នៅជុំវិញកោះតៃវ៉ាន់ត្រូវបានរកឃើញនៅម៉ោង ៦ព្រឹកថ្ងៃនេះ”។

ក្រសួងបានបន្ថែមថា “កងកម្លាំងប្រដាប់អាវុធបានតាមដានស្ថានភាព និងប្រគល់ភារកិច្ចឱ្យយន្តហោះ CAP នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលនៅលើដីរបស់តៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ”។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីលោកស្រី Tsai Ing-wen បានជួបលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា អំឡុងពេលចូលដូរជើងសម្រាកនៅតាមផ្លូវហោះត្រឡប់ពីការធ្វើដំណើរទៅកាន់ប្រទេសអាម៉េរិកណ្តាល Guatemala និង Belize ដែលជាសម្ព័ន្ធមិត្តការទូតក្នុងចំណោមប្រទេស ១៣ របស់តៃវ៉ាន់។

មិនមានការបញ្ជាក់ភ្លាមៗពីចិនឡើយចំពោះដំណឹងនេះ។ ចិន​បាន​គំរាម​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​កិច្ចប្រជុំ។ ក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ ដែលជាស្ថាប័នបង្កើតគោលនយោបាយកំពូលរបស់កោះនេះ កាលពីថ្ងៃពុធបានចោទប្រកាន់ទីក្រុងប៉េកាំងពីបទ “រារាំង” ពាណិជ្ជកម្មនៅច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងការត្រួតពិនិត្យនៅនឹងកន្លែងលើកប៉ាល់ដឹកទំនិញ និងអ្នកដំណើរ៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា