អន្តរជាតិ

ជនជាតិអេហ្ស៊ីបម្នាក់ហែលទឹកទាំងដៃជាប់ខ្នោះបំបែកកំណត់ត្រាពិភពលោក

ដោយ៖ សហការី

បុរសជនជាតិអេហ្ស៊ីបម្នាក់ឈ្មោះ Shehab Allam ហែលទឹកទាំងដៃជាប់ខ្នោះបានរយៈចម្ងាយឆ្ងាយ​ដោយមិនឈប់សម្រាក ដែលមិនធ្លាប់មាននិងបានបំបែកកំណត់ត្រាពិភពលោក។

នេះគឺជារឿងដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក ដែលបុរសជនជាតិអេហ្ស៊ីបម្នាក់បាន​ដាក់ខ្នោះដៃខ្លួនឯងមុនពេលហែលទឹក។  ដោយសារមានការតាំងចិត្តយ៉ាងមុតមាំបែបនេះ លោក Shehab បានជាប់ចំណាត់ថ្នាក់ជាជើងឯកហែលទឹកបានឆ្ងាយបំផុត ជាមួយនឹងដៃជាប់ខ្នោះរបស់គាត់ ដោយហែលបានចម្ងាយ១១.៦៤គីឡូម៉ែត្រ ឬ៧.២៣ mi  ដោយត្រូវ​ចំណាយ​ពេល​អស់​ប្រាំមួយ​ម៉ោងដើម្បីទទួល​បាន​ជ័យ​ជម្នះផ្ទួនៗ​​។

កីឡាករវ័យ ៣១ឆ្នាំរូបនេះបានចំណាយពេលហ្វឹកហាត់យ៉ាងយូរ និងឆ្លងកាត់ការលំបាកជាច្រើនដើម្បីសម្រេចគោលដៅ ដោយការខិតខំព្យាយាមរបស់គាត់រហូតទទួលបានជោគជ័យ និងបំបែកកំណត់ត្រាពិភពលោក ដែលធ្វើឡើងដោយជនជាតិអាម៉េរិក គឺលោក Benjamin Katzman នៅក្នុងឆ្នាំ ២០២១ នូវកំណត់ត្រាដែលគាត់បានហែលទឹកក្នុងល្បឿន ៥.៣៥ mi (៨.៦ គីឡូម៉ែត្រ) ហែលដោយដៃជាប់ខ្នោះដូចគ្នា។

លទ្ធផលដែលមិនគួរឲ្យជឿរបស់អត្តពលិកដ៏ប៉ិនប្រសប់ម្នាក់នេះ បានកើតឡើងនៅក្នុងលំហឈូង​សមុទ្រអារ៉ាប់ ជាកន្លែងដែលគាត់បានហែលទឹកជាមួយនឹងខ្នោះដៃរបស់គាត់ ដោយមិនអនុញ្ញាតឲ្យមានទូកជំនួយនោះទេ។ គាត់​បាន​​ហែលដោយមិនខ្វល់ពីការ​ហត់​នឿយនោះឡើយ គាត់ហែលត្រឡប់ទៅត្រឡប់មក​តាម​គន្លងដែល​មាន​ប្រវែង ១៦៤ម៉ែត្រ ត្រូវនឹង (៥៣៨ ហ្វីត) ប្រហែល ៧០ដង គាត់បានតស៊ូអត់ធ្មត់នឹងភាពនឿយហត់ ដើម្បីឈានទៅដល់រយៈចម្ងាយ ១១គីឡូម៉ែត្រ គឺស្មើនឹង ៤៦០ជុំ នៅក្នុងអាងហែលទឹកស្តង់ដារអូឡាំពិក។

កីឡាករពោរពេញដោយសមត្ថភាពរូបនោះបានឲ្យដឹងទៀតថា “គាត់គិតថាខ្លួនគាត់ជាបុគ្គលម្នាក់​ក្នុងចំណោមឥស្សរជនដទៃទៀតដែលបានបំបែកឯតទគ្គកម្ម ហើយធ្វើឲ្យខ្លួនគាត់ក្លាយជាវីរបុរសដ៏ឆ្នើម ដែលជំរុញឲ្យគាត់ខិតខំរក្សាតំណែងក្នុងកំណត់ត្រានេះឲ្យបានយូរអង្វែង តាមដែលអាចធ្វើទៅបាន”។

គាត់បាននិយាយថា “ខ្ញុំមិនបានគិតថាក្រោយពេលទទួលបានវិញ្ញាបនបត្រនៅក្នុងដៃហើយ ខ្ញុំត្រូវបញ្ចប់បេសកកម្មរហូតនោះទេ” ។ “ការក្លាយជាម្ចាស់កំណត់ត្រាពិភពលោក Guinness បានផ្តល់សុភមង្គលដល់រូបខ្ញុំប្រកបដោយក្តីមោទកភាពជាទីបំផុត គឺថាវាប្រសើរជាងសមិទ្ធផល​ផ្សេងទៀតដែលខ្ញុំបានទទួលកន្លងមក” ៕