អន្តរជាតិ

ជនជាតិអាម៉េរិកម្នាក់មានពុកមាត់វែងជាងទារកអាយុ៤ខែ កំពុងផ្ទុះការចាប់អារម្មណ៍

ដោយ៖ សហការី

លោក Paul Slosar មកពី Summerville រដ្ឋ South Carolina សហរដ្ឋអាម៉េរិក គឺជាបុរសម្នាក់មានពុកមាត់ប្រវែងវែងជាងទារកអាយុ៤ខែ ដោយគាត់មិនបានកាត់រយៈពេល៣០ឆ្នាំ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

Paul ជាជនជាតិអាម៉េរិក ដែលមានពុកមាត់វែងត្រូវបានគេទទួលស្គាល់ថា មានប្រវែងវែងជាងគេ​លើមនុស្សប្រុសទាំងឡាយក្នុងពិភពលោក។ ពុកមាត់​ស្តាយបែបអង់គ្លេសនេះមាន​ប្រវែងដល់ទៅ ៦៣.៥ សង់ទីម៉ែត្រ ស្មើ (២ហ្វីត ១អ៊ីង) ។ គាត់ធ្លាប់បានចូលរួមក្នុង​ការ​ប្រកួត​ដណ្តើមយកពាន​រង្វាន់​ពុក​ចង្កា និង​ពុកមាត់​ថ្នាក់​ជាតិ​នៅ​ទីក្រុង Casper រដ្ឋ Wyoming សហរដ្ឋ​អាម៉េរិក កាល​ពី​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ និងកម្មវិធីផ្សេងទៀតទទួលបានជ័យជម្នះជាបន្តបន្ទាប់។

នៅក្នុងការធ្វើឲ្យពុកមាត់ដុះ moustache ដែលជាការប្រកួតប្រជែងពុកមាត់មួយ ត្រូវបានកំណត់យកត្រឹមតែរោមដុះនៅលើបបូរមាត់តែប៉ុណ្ណោះ ដែលប្រវែងអតិបរមាចាប់ពី ១.៥ សង់ទីម៉ែត្រលើសពីចុងបបូរមាត់ខាងលើ។ ថ្ងៃមួយគាត់ត្រូវបានគេជ្រើសរើសនៅឯ​ព្រឹត្តិការណ៍ម៉ូតូក្នុងស្រុកមួយនាទីក្រុង Tacoma រដ្ឋ Washington ហើយត្រូវបានគេស្នើសុំឱ្យ​ចូលរួមក្នុងការប្រកួតប្រជែងពុកមាត់។ លោក Paul បាននិយាយថា “នៅឯពិព័រណ៍ខោនធី មានបង្ហាញប្រភេទពុកមាត់ និងប្រភេទពុកចង្កាមួយចំនួន”។ ដោយ​សារ​វា​ជា​ការ​ប្រកួត​​ពុក​មាត់​លើក​ដំបូង​របស់​គាត់ លោកក៏​គិត​ថា​ពេលប្រកួត​​រួច​ហើយ​គាត់ក៏​ចាកចេញ​បាន។ គាត់បាននិយាយទៀតថា “ក្រោយមកគេប្រាប់ថា ខ្ញុំឈ្នះពានរង្វាន់ Best of Show ហើយថាខ្ញុំត្រូវនៅបន្ត” ។

ក្រោយមកគាត់បានផ្លាស់ទៅរស់នៅទីក្រុង Charleston រដ្ឋ South Carolina ក្នុងឆ្នាំ ២០១១ Paul បានជួបបុរសម្នាក់ឈ្មោះ Paul Roof បានស្នើឱ្យគាត់ចូលរួមប្រកួតក្នុងកម្មវិធី World Beard and Mustache Championships នៅក្នុងខែកញ្ញា ២០១៧ ដែលធ្វើឡើងនៅទីក្រុង Austin រដ្ឋ Texas។

គេបានប៉ាន់ប្រមាណថា ពុកមាត់បុរសខាងលើមានប្រវែងប្រហែល​ទារក​អាយុ​៤​ខែ​ វា​ជា​​មោទកភាព​មួយ​សម្រាប់ Paul ដែល​បាន​រក្សាទុកពុកមាត់បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​អស់​រយៈពេល​ជាងបី​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ Paul និយាយ​ថា “ខ្ញុំ​ធ្លាប់​ទុក​ពុកមាត់​ឲ្យ​ខ្លី តែថ្ងៃ​មួយ​បន្ទាប់​ពី​ខ្ញុំ​កោរពុក​មាត់​រួច ខ្ញុំ​បាន​ទៅ​ថើប​ប្រពន្ធរបស់​ខ្ញុំ នាងក៏​ត្អូញត្អែរ ហើយ​ច្រានខ្ញុំ​ចេញ” ។ ក្រោយមកខ្ញុំ​មិន​ដែល​កោរពុកមាត់​ទេ ហើយ​ក៏ទុកវា​ឲ្យ​ដុះ​ឡើង​ រួចខ្ញុំក៏ចាំមើលថា​វា​នឹងដុះឡើងយូរប៉ុនណាវែងប៉ុនណា ដែលមកទល់នឹងពេលនេះ​មានរយៈពេល៣០ឆ្នាំហើយ៕