សន្ដិសុខសង្គម

ក្មេងមួយក្រុមនាំគ្នាចុះលេងទឹកស្រះក្នុងវត្តបណ្តាលឱ្យលង់ស្លាប់ម្នាក់

ភ្នំពេញ​៖​ក្មេងតូចមួយក្រុមបាននាំគ្នាចុះលេងទឹកស្រះក្នុងវត្ត បណ្តាលឱ្យលង់លិចបាត់ម្នាក់ បង្កភ្ញាក់ផ្អើលនៅវត្តស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីរសៀល​ថ្ងៃទី៥​ ខែមេសា។

អ្នកភូមិបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងអង្គភាព៩១១ បានចេញអន្តរាគមន៍ដោយបោះខ្សែពួររាវរកក៏ទាក់សពតែម្តង។ក្មេងប្រុសរងគ្រោះបាត់បង់ជីវិតឈ្មោះ វាសនា​ រ៉ាយុទ្ធ​ អាយុ៩ឆ្នាំ​ នៅបុរីពិភពថ្មីកំបូល៣​ ភូមិថ្មដា​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។

ឪពុកក្មេងរូបនោះបានឱ្យដឹងថា​ នៅព្រឹកថ្ងៃកើតហេតុ កូនរបស់គាត់សុំគាត់មកលេង សង្ក្រាន្តនៅសាលារៀនស្ងួនពេជ្រ។ដល់ម៉ោង១១ព្រឹកដោយមិនឃើញទៅផ្ទះវិញ គាត់ក៏តាមរកតែមិនឃើញ​។ បុរសជាឪពុកបានបន្តថា លុះរសៀលថ្ងៃដដែលស្រាប់តែ ឃើញកង់និងស្បែកជើងកូន នៅមាត់ស្រះក្នុងវត្តស្ងួនពេជ្រតែមិនឃើញកូន។

ពេលនោះក៏បានប្រាប់សមត្ថកិច្ចនិងកម្លាំងអង្គភាព៩១១មកជួយអន្តរាគមន៍។ជំនាញបានបោះខ្សែពួរដើម្បីរាវរកឃើញក្មេងរងគ្រោះស្លាប់បាត់ទៅហើយ។ក្រោយមក​សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ