មណ្ឌលគិរី៖មន្ត្រីអាជ្ញាកំពុងស្រាវជ្រាវស្វែងរកគ្រួសារសពបុរសម្នាក់ ត្រូវបានបងប្អូនជនជាតិដើមភាគតិចព្នង ប្រទះឃើញលើទីទួលមួយក្នុងព្រៃជ្រៅនៅខេត្តមណ្ឌលគិរី។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
លោកវ៉ាន់ ដានីន អធិការនគរបាលស្រុកអូររាំង បានឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី៥ ខែមេសាថា ការរកឃើញសាកសពនេះ តាមរយៈបងប្អូនជនជាតិព្នង។ ពួកគាត់បានធ្វើដំណើរចូលក្នុងព្រៃជ្រៅហើយប្រទះឃើញនៅម្តុំវាលក្របីស្រែខ្លុង ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងខាងលើ ក៏ឃើញសពស្ថិតក្នុងសភាពស្គមរីងរៃស្លាប់ក្រោមដើមស្រឡៅ។សពគ្មានអាវ ខោពណ៌ប្រផេះជើងវែងបានដោះចេញយកមកកើយ និងមានក្រមាដណ្តប់ត្រឹមចង្កេះចុះក្រោម។នៅក្បែរសពមានពិលមួយ-ដបទឹកសុទ្ធគ្មានទឹកនៅចុងជើង។ក្នុងនោះមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់លើបទល្មើសឡើយ។
តាមការសន្និដ្ឋានពីជំនាញចុះពិនិត្របានបញ្ជាក់ថា បុរសនេះអាចស្លាប់ដោយសារការវង្វេងក្នុងព្រៃ ដាច់បាយនិងដាច់ទឹកគ្មានអ្នកជួយសង្គ្រោះ។ ក្រោយធ្វើកោសល្យវិច័យរួច ដោយសារតែបុរសរូបនេះមិនស្គាល់អត្តសញ្ញាណសមត្ថកិច្ចក៏សម្រេចជីកដីបញ្ចុះសពដើម្បីបន្តស្រាវជ្រាវរកក្រុមគ្រួសារ៕ដោយ៖វិចិត្រ