អន្តរជាតិ

កូរ៉េខាងជើងថាអាម៉េរិកកំពុងជំរុញឲ្យកើតមានសង្រ្គាមនុយក្លេអ៊ែរហើយ

កូរ៉េខាងជើងនិយាយថា សង្រ្គាមនុយក្លេអ៊ែរកាន់តែខិតជិតមកហើយ ខណៈសមយុទ្ធ​អាម៉េរិក​-​កូរ៉េខាងត្បូងបានជំរុញឲ្យមាន​ភាព​តានតឹង​ដល់​កម្រិត​កំពូល ពិសេសអាម៉េរិកបានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់បែកB-52។

កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ទី ៦ ខែមេសានេះថា បានបង្កើនភាពតានតឹងជិតដល់គែមនៃសង្គ្រាមនុយក្លេអ៊ែរហើយ តាមរយៈសមយុទ្ធយោធារួមគ្នារបស់ពួកគេ ដោយប្តេជ្ញាថានឹងឆ្លើយតបជាមួយនឹង “សកម្មភាពវាយលុក”។ នេះដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។ KCNA បានចេញផ្សាយការអត្ថាធិប្បាយរបស់លោក Choe Ju Hyon ដែលជាអ្នកវិភាគសន្តិសុខអន្តរជាតិរបស់កូរ៉េខាងជើង ដោយលោកបានរិះគន់សមយុទ្ធនេះថាជា “ការជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េឈានដល់ការផ្ទុះឡើង” ។ អត្ថបទនេះបាននិយាយថា “ភាពច្របូកច្របល់ក្នុងការប្រឈមមុខដាក់គ្នាខាងយោធាដោយមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាម៉េរិក និងអ្នកដើរតាមរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង កំពុងជំរុញឱ្យស្ថានការណ៍នៅលើឧបទ្វីបកូរ៉េទៅជាមហន្តរាយដែលមិនអាចត្រឡប់វិញបានដល់ទីបញ្ចប់នៃសង្រ្គាមនុយក្លេអ៊ែរ”។

ការព្រមាននេះ កើតឡើងពិសេសក្រោយកងកម្លាំងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបាននិងកំពុងធ្វើសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំជាបន្តបន្ទាប់ចាប់តាំងពីខែមីនា រួមទាំងសមយុទ្ធអាកាស និងសមុទ្រដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាម៉េរិក និងពិសេសចុងក្រោយបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B និង B-52 និងសមយុទ្ធចុះចតទឹកសមុទ្រខ្នាតធំជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ៕

ប្រភព៖  REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា