អន្តរជាតិ

អ៊ុយក្រែន​កាន់ទុក្ខ ក្រោយ​កីឡាករ​ប្រដាល់​ជើង​ឯក​​​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​​រុស្ស៊ី

អ្នកស្រុករាប់រយនាក់នៃទីក្រុងភាគខាងលិចអ៊ុយក្រែន បាននាំគ្នាចូលរួមកាន់ទុក្ខម្ចាស់ជើងឯកប្រដាល់ សេរីពិភពលោក៤សម័យកាល លោក Vitalii Merinov បន្ទាប់ពីត្រូវបានពលីក្នុងសកម្មភាព ប្រយុទ្ធជាមួយទាហានរុស្ស៊ី។

យោងតាមសារព័ត៌មានរ៉យទ័រ ការកាន់ទុក្ខនេះបានធ្វើឡើងនៅទីក្រុង Ivano-Frankivsk ភាគខាងលិច ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារទី ៤ ខែមេសា ឆ្នាំ២០២៣។ ទង់ជាតិ​អ៊ុយក្រែន​ត្រូវ​បាន​គ្រប​លើ​មឈូស​របស់​លោក ខណៈ​ដែល​វា​ត្រូវ​បាន​គេ​យក​ចេញ​ពី​ព្រះវិហារ​។ ពលរដ្ឋ​បានលុត​ជង្គង់​នៅ​តាម​ផ្លូវ​ក្នុង​ពេល​ដង្ហែ​បុណ្យ​សព ដោយ​កាន់​ទង់ជាតិ​អ៊ុយក្រែន និងបាច់​ផ្កា។ លោក Taras Mstyslav ជាមិត្ត បាននិយាយថា “ចំពោះវីរបុរសនៃប្រទេសអ៊ុយក្រែន Vitalii Merinov សូមលើកតម្កើងសិរីរុងរឿង” ។ ម្តាយ និងប្រពន្ធរបស់ Merinov បានស្រក់ទឹកភ្នែកក្នុងពិធីបុណ្យសព ក៏ដូចជាអ្នកកាន់ទុក្ខជាច្រើននាក់ ខណៈដែលកូនស្រីអាយុ ២ ឆ្នាំរបស់គាត់ឈ្មោះ Leia បាននិយាយលាឪពុករបស់នាង ជាលើកចុងក្រោយ។

គួរជម្រាបថា លោក Merinov អាយុ៣២ ឆ្នាំ ដែលជាជើងឯកប្រដាល់អ៊ុយក្រែននេះ បានស្លាប់នៅក្នុង មន្ទីរពេទ្យមួយកាលពីសប្តាហ៍មុន បន្ទាប់ពីគាត់បានរងរបួសធ្ងន់ធ្ងរក្នុងការប្រយុទ្ធជាមួយរុស្ស៊ី នៅតំបន់ខេត្ត Luhansk ភាគខាងកើតជាប់នឹងខេត្តដូណេត៕

ប្រភព៖  REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា