អន្តរជាតិ

អ៊ុយក្រែន៖ ជនស៊ីវិល៦នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ខេត្ត Donetsk

អ៊ុយក្រែននិយាយថា ជនស៊ីវិលរបស់ខ្លួនចំនួន៦នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែល៧នាក់រងរបួសក្នុងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ខេត្តដូណេតកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣។

នេះបើយោងតាមប្រភពការិយាល័យអគ្គព្រះរាជអាជ្ញាលើហ្វេសប៊ុក។ ក្នុងនោះបាននិយាយថា“សង្កាត់​លំនៅបានក្លាយជាចំណុចកណ្តាលនៃការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីម្តងទៀតហើយ។ មនុស្ស ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ពួកឈ្លានពាន រួមមានអ្នកបោសសម្អាតមីនម្នាក់ និងគិលានុបដ្ឋាយិកាម្នាក់ ធ្វើការនៅអណ្តូងរ៉ែក្នុងទីក្រុង Toretsk អ្នកលក់ដូរមកពី Krasnohorivka និងអ្នកស្រុកបីនាក់ទៀតនៃភូមិ Lastochkine ក្នុងសង្កាត់ Pokrovsk ។ ចំណែកឯជនស៊ីវិលប្រាំពីរនាក់បានរងរបួសក្នុងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នាក្នុងអំឡុងពេលនៃការវាយប្រហារនៃទីក្រុង Bakhmut និង Hirnyk និងភូមិ Ocheretyne ។

ព័ត៌មានលំអិតបន្ថែមក្រៅពីជនរងគ្រោះស៊ីវិល អគារជាច្រើនបានរងការខូចខាតដោយសារ​កម្លាំងនៃការផ្ទុះ និងអំបែងគ្រាប់ រួមទាំងអគាររដ្ឋបាលក្នុងតំបន់ប្លុកផ្ទះល្វែង ផ្ទះឯកជន។ការិយាល័យអគ្គរដ្ឋអាជ្ញាបានបញ្ជាក់ថា យោងតាមការស៊ើបអង្កេត យោធារុស្ស៊ីបានដាក់ពង្រាយ​គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងប្រព័ន្ធរ៉ុក្កែត Grad Multi-Launch ដើម្បីវាយប្រហារតំបន់ភាគខាងជើង​នៃតំបន់ខេត្ត Donetsk សម្រាប់ថ្ងៃទី ៤ ខែមេសា។ យ៉ាងណាមិញ ប្រភពឯករាជ្យមិនអាចផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា