អន្តរជាតិ

អង្គការសហប្រជាជាតិទាមទារឲ្យរុស្ស៊ីផ្តល់សិទ្ធិចូលទៅយកព័ត៌មានកុមារអ៊ុយក្រែន

អង្គការសហប្រជាជាតិទាមទារឲ្យរុស្ស៊ីផ្តល់សិទ្ធិបើកឲ្យភ្នាក់ងារអន្តរជាតិក្នុងការចូលទៅយកព័ត៌មានពីកុមារអ៊ុយក្រែនដែលបានជម្លៀសយកទៅសហព័ន្ធរុស្ស៊ី។

ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានទាមទារនៅដើមសប្តាហ៍នេះ បន្ថែមពីលើដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទៅកាន់រុស្ស៊ី ដោយពិតជាទាមទារនូវការផ្តល់សិទ្ធិចូលប្រើប្រាស់ និងព័ត៌មានអំពីកុមារអ៊ុយក្រែន និងជនស៊ីវិលផ្សេងទៀតដែលត្រូវបានផ្ទេរដោយបង្ខំទៅកាន់ទឹកដីក្រោមការគ្រប់គ្រងរបស់ខ្លួន។ ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយដោយទាមទារឱ្យទីក្រុងមូស្គូ “បញ្ឈប់ការផ្ទេរ និងការនិរទេសដោយបង្ខំដោយខុសច្បាប់នូវជនស៊ីវិល និងអ្នកការពារផ្សេងទៀតនៅក្នុងអ៊ុយក្រែន ឬទៅកាន់សហព័ន្ធរុស្ស៊ី”។  មិនមានការឆ្លើយតបពីរុស្ស៊ីសម្រាប់ការស្នើសុំនេះទេ។ រុស្ស៊ីនិយាយថា កុមារដែលជម្លៀសមកគឺស្ថិតក្នុងមូលហេតុមនុស្សធម៌ និងជាការជួយសង្រ្គោះគេចពីសង្រ្គាម។

ការនិរទេសដែលត្រូវបានចោទប្រកាន់របស់វិមានក្រឹមឡាំងលើកុមាររាប់ម៉ឺននាក់ពីអ៊ុយក្រែនដែលបំផ្លិចបំផ្លាញដោយសង្រ្គាមទៅកាន់ប្រទេសរុស្ស៊ី ឬតំបន់ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី គឺជាប្រធានបទដ៏ក្តៅគគុកពេញមួយសម័យប្រជុំជិតប្រាំមួយសប្តាហ៍នៃក្រុមប្រឹក្សាដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។ ទីក្រុង Kyiv បន្ត​ថា កុមារ​អ៊ុយក្រែន​ជាង ១៦.០០០ នាក់​ត្រូវ​បាន​និរទេស​ទៅ​រុស្ស៊ី​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​នេះ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា