អន្តរជាតិ

ហ្វីលីពីនព្រមានពីរលកយក្សស៊ូណាមិ ខណៈរញ្ជួយដីកម្រិត៦.២រិចឆ្ទ័រក្រោមទឹកសមុទ្រភាគខាងកើត

ហ្វីលីពីនព្រមានពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីកម្រិត៦.២រិចឆ្ទ័រក្រោមទឹកសមុទ្រ​នៅភាគខាងកើតនៃប្រទេស។

ទីភ្នាក់ងាររញ្ជួយដីរបស់រដ្ឋបាននិយាយថា ការរញ្ជួយដីបានបង្កឱ្យមាន “ការរំខានកម្រិតទឹកសមុទ្រតិចតួច” តែកម្រិតព្រមានអាសន្នហានិភ័យថា រលកយក្សស៊ូណាមិ ដែលមានកម្ពស់អាចដល់មួយម៉ែត្រពីលើជំនោរធម្មតា នឹងឈានដល់កោះ Catanduanes និងកោះ Samar ។ ការរញ្ជួយដីហាក់ដូចជាបណ្តាលឱ្យមានការខូចខាតច្រើនកន្លែងជ្រៅៗ បើទោះបីជាមិនទាន់មានរបាយការណ៍ខូចខាតណាមួយកើតឡើងក៏ដោយ។ លោក Luis Surtida មន្ត្រីគ្រោះមហន្តរាយខេត្ត Catanduanes បាននិយាយថា មន្រ្តីគ្រោះមហន្តរាយក្នុងតំបន់ត្រូវបានណែនាំឱ្យអ្នកដែលរស់នៅក្បែរសមុទ្រ ជម្លៀសខ្លួនចេញជាដំបូងទៅកាន់ទីទួលខ្ពស់សុវត្ថិភាព។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិច្ឆទ័រ បានវាយប្រហារនៅក្នុងមហាសមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ វេលាម៉ោង ៩យប់ម៉ោងក្នុងស្រុក ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីកោះ Catanduanes ចេញពីកោះធំ Luzon ។ មជ្ឈមណ្ឌលរញ្ជួយដីសមុទ្រមេឌីទែរ៉ាណេអឺរ៉ុប (EMSC) បាននិយាយថា ដំបូងឡើយ វាត្រូវបានប៉ាន់ស្មានក្នុងកម្រិត ៦.៣រ៉ិច្ឆទ័រ ខណៈដែលវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនឯណោះវិញ បានរាយការណ៍ថា វាមានកម្រិត ៦.៦រ៉ិច្ឆទ័រ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា