ព័ត៌មានជាតិ

សំណង់នានាសម្រាប់ត្រៀមប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួបទី១០ឆ្នាំ នៅរមណីយដ្ឋានអង្គរ បានរួចរាល់៩០%ហើយ

សៀមរាប៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុករៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឱ្យដឹងថា មកដល់ត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដំណើរការរៀបចំសំណង់នានា សម្រាប់ប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឈានដល់ដំណាក់កាលជិតរួចរាល់ប្រមាណ ៩០ភាគរយហើយ។

រយៈពេល១សប្ដាហ៍ចុងក្រោយនេះ ក្រុមការងារគ្រប់ផ្នែកទាំងអស់ កំពុងតែមមាញឹកធ្វើការងាររបស់ខ្លួន ឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យទាន់ផែនការគ្រោងទុក ។

ចំណែកអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមសកម្មដើម្បីប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែរនោះ ក៏កំពុងតែមមាញឹកលើការងារសង់ភូមិបេតិកភណ្ឌវប្បធម៌ ទីតាំងនៅខាងជើងស្ពានហាល ជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ឱ្យលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមបង្ហាញនូវបេតិកភណ្ឌរូបិយ និងអរូបិយជាច្រើនទម្រង់ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ប្រយោជន៍ឱ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានឈ្វេងយល់កាន់តែច្បាស់ បន្ថែមទៀតអំពីបេតិកភណ្ឌរូបិយ ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបិយ មានបង្ហាញអំពីរបៀបចារ សាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារឹក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំង បង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ គឺជាខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃនិងក្តីសង្ឃឹម ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក៏មានគោលបំណងប្រមូលផ្តុំយុវជននិងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រំឭកនិងធ្វើឱ្យរស់រវើកឡើងវិញនូវមត៌កបេតិកភណ្ឌអរូបិយខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណីនិងសាសនារបស់ខ្មែរ ដែលមានតាំងពីបុរាណមក។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសានេះ នឹងធ្វើឡើងចំនួន០៦ទីតាំង ទាំងនៅក្នុងតំបន់អង្គរ នៅតាមដងស្ទឹង ក្នុងក្រុងសៀមរាប និងមានចំនួន៤៤កម្មវិធី ជាពិសេសនោះ មានវិញ្ញាសាចំនួន២ គឺការរាំចង្វាក់ម៉ាឌីហ្សុន និងបត់ក្រដាសជារូបបេះដូង(Beyond the Games) ដើម្បីបំបែកកំណត់ត្រាពិភពលោកផង។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលទៅទស្សនាតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញអារម្មណ៍ សប្បាយរីករាយជាខ្លាំង នៅពេលពួកគេឃើញអាជ្ញាធរពាក់ព័ន្ធ កំពុងតែមមាញឹកក្នុងការងារ រៀបចំលំអនិងសាងសង់រោងជាច្រើនសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ៕