សន្ដិសុខសង្គម

សង្ស័យប្រពន្ធមានសហាយ ប្តីប្រើកន្ត្រៃចាក់សម្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖បុរសម្នាក់ព្រោះតែរឿងប្រចណ្ឌ ដោយសង្ស័យប្រពន្ធលួចមានសហាយ ក៏ប្រើកន្ត្រៃចាក់សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកចាត់ការតាមច្បាប់។ អំពើឃាតកម្មបង្កការភ្ញាក់ផ្អើលនេះនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីម៉ោង​១០ព្រឹក​ថ្ងៃទី៥​ ខែមេសា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា​ ស្ត្រីដែលស្លាប់ឈ្មោះ យឺន ឌីណា អាយុ៤០ឆ្នាំ ធ្វើសន្តិសុខនៅភូមិសង្កាត់ខាងលើ។ ចំណែកជនដៃដល់ជាប្ដី​ត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ទៀង រស្មី អាយុ៤២ឆ្នាំ អ្នករត់ម៉ូតូឌុប។ពេលចាប់ខ្លួន​ សមត្ថកិច្ចបានដកហូតវត្ថុតាងកន្ត្រៃតូច១និង​ទូរសព្ទ២គ្រឿង។

ប្រភពបានបន្តថា មុនកើតហេតុ ជនសង្ស័យបាននិយាយប្រាប់ប្រពន្ធថា ឱ្យឈប់ធ្វើការជាសន្តិសុខទៀតទៅ ព្រោះខ្លួនមានការប្រចណ្ឌប្រពន្ធទៅលួចលាក់មាន​សហាយជាមួយសន្តិសុខដូចគ្នា។គ្រានោះប្រពន្ធបានប្រកែកថា មិនឈប់ធ្វើការនោះទេ។ បន្ទាប់មកជនសង្ស័យខឹងនឹងសម្ដីប្រពន្ធក៏ទៅយកកន្ត្រៃ ហើយដើរទៅពីខាងក្រោយចាក់ចំក​ផ្តួលសង្កត់ទៅលើពូករហូតជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបាន​កម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត​តាមនីតិវិធី៕ដោយ៖វិចិត្រ