អន្តរជាតិ

វិមានក្រឹមឡាំង៖ សមាជិកភាពហ្វាំងឡង់ក្នុងណាតូជាការវាយប្រហាររុស្ស៊ីហើយ

វិមានក្រឹមឡាំងនិយាយថា សមាជិកភាពរបស់ហ្វាំងឡង់នៅក្នុងសម្ព័ន្ធអង្គការណាតូ គឺមានន័យស្មើនឹងការវាយប្រហារផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ីហើយ។

នេះគឺជាសារព្រមានចុងក្រោយរបស់រុស្ស៊ីទៅលើហ្វាំងឡង់ដែលទើបតែទទួលបានសិទ្ធិយល់ព្រមពីប្រទេសតួកគីនាពេលថ្មីៗនេះក្នុងការចូលជាសមាជិកផ្លូវការរបស់អង្គការណាតូ។ សារព្រមានត្រូវបានប្រកាសដោយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារទី ៤ ខែមេសា ឆ្នាំ២០២៣។ Peskov បានប្រាប់អ្នកយកព័ត៌មានថា សមាជិកភាពរបស់ហ្វាំងឡង់ បានកំពុងចាប់ផ្តើមធ្វើការវាយលុកលើសន្តិសុខរបស់យើង តំណាងឱ្យ “ភាពធ្ងន់ធ្ងរចុងក្រោយនៃស្ថានភាព”។ “ការពង្រីកអង្គការណាតូ គឺជាការវាយលុកលើសន្តិសុខរបស់យើង និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី”។

Peskov បានបន្ថែមថា “​នេះ​បង្ខំ​ឱ្យ​យើង​ចាត់​វិធានការ​តបត… ក្នុង​ន័យ​យុទ្ធសាស្ត្រ”។ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ថាតើនឹងប្រើយុទ្ធសាស្រ្តបែបណាដាក់ហ្វាំងឡង់ឡើយ។ ហ្វាំងឡង់បានក្លាយជាសមាជិកទី ៣១ នៃអង្គការណាតូកាលពីថ្ងៃអង្គារ ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ ដែលត្រូវបានបង្ខំចិត្តឲ្យចូលដោយសារតែការ​វាយលុកឈ្លានពានរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា