សន្ដិសុខសង្គម

រកចាប់អ្នកប្រើកាំភ្លើងច្នៃជិះម៉ូតូបាញ់បុរសម្នាក់ពីក្រោយខ្នងឱ្យរបួសធ្ងន់

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ជនល្មើសម្នាក់ បានជិះម៉ូតូហើយប្រើ​កាំភ្លើងកែច្នៃមកបាញ់បុរសម្នាក់ពីក្រោយខ្នងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ករណីបាញ់ប្រហារនេះ​នៅជិតរោងចក្រឌីស ឋិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

អ្នកឃើញហេតុការណ៍នោះបានឱ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង២០ឆ្នាំ បានរងរបួសធ្ងន់នៅផ្នែកខាងខ្នង។ ក្រោយកើតហេតុប្រជាពលរដ្ឋ​បានជួយដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗដើម្បីសង្គ្រោះជីវិត។

មន្ត្រីមូលដ្ឋានបានឱ្យថា  ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបាញ់នេះ គឺជាប្រភេទគ្រាប់កង់​ដែលជនសង្ស័យបានបាញ់ពីកាំភ្លើងកែច្នៃ។បន្ទាប់មកកម្លាំងជំនាញបានចុះទៅស្រាវជ្រាវ​រកជនល្មើសដោយបានកំណត់មុខសញ្ញាបានហើយ៕ដោយ៖វិចិត្រ