អន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី Su-35 ទម្លាក់គ្រាប់បែកលើតំបន់ Chernihiv ភាគខាងជើងអ៊ុយក្រែន

មានសេចក្តីរាយការណ៍ពីអ៊ុយក្រែនថា រុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំង Su-35 ឲ្យមកទម្លាក់គ្រាប់​លើតំបន់ Chernihivភាគខាងជើងអ៊ុយក្រែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

យោងតាមបញ្ជាការប្រតិបត្តិការភាគខាងជើង Pivnich របស់អ៊ុយក្រែនបានឲ្យដឹងថា នៅម៉ោងប្រហែល ៥រសៀល ថ្ងៃអង្គារទី ៤ ខែមេសា ឆ្នាំ២០២៣ អ្នកបញ្ជូនសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបានរាយការណ៍ថា ផ្ទះឯកជនមួយនិងអគារខាងក្រៅត្រូវបានឆេះនៅក្នុងភូមិ Pecheniuhy។  អគ្គិភ័យនេះកើតឡើង​ដោយសារការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយយន្តហោះចម្បាំងរុស្ស៊ី Su-35 ចំនួនពីរគ្រឿង។

បញ្ជាការប្រតិបត្តិការ Pivnich បានផ្តល់ព័ត៌មានលម្អិតថា យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់​ចំនួនពីរគ្រាប់។ មិន​មាន​ព័ត៌មាន​អំពីអ្នកស្លាប់​និងរង​របួស​នោះ​ទេ។ រាល់ព័ត៌មាននេះ មិនមានប្រភពឯករាជ្យណាមួយធ្វើការផ្ទៀងផ្ទាត់ឡើយ៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា