សេដ្ឋកិច្ច

ពូជស្រូវ​ចំប៉ី ស ៧០ មានគុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​កសិករ និង​ពាណិជ្ជករ​

ដោយៈសុភក្ត្រា

​ភ្នំពេញ​៖​កម្ពុជា និង​អូស្ត្រាលី បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ពូជស្រូវ​ចំប៉ី ស​៧០ នៅក្នុង​ទិវា​ច្រូតស្រូវ ចំប៉ីស​៧០នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី០៥ ខែ មេសា​។​

​ពូជស្រូវ​ចំប៉ីស​៧០ មាន​វត្តមាន​ជា​ផ្លូវការ បន្ទាប់ពី​ប្រើពេល​អស់ ៩​ឆ្នាំ ក្នុងការ​ស្រាវជ្រាវ និង​ឆ្លងកាត់​ការធ្វើ​ពិសោធ​នៅលើ​ស្រែ​កសិករ ចំនួន​៨០​កន្លែង ។​ពូជស្រូវ​ចំប៉ីស​៧០ គឺជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ជិត​មួយ​ទសវត្សរ៍ រវាង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា “​វ​.​ស​.​អ​.​ក​.​ក​” និង​រដ្ឋាភិបាល​អូស្ត្រាលី​។​ចំប៉ីស​៧០ ត្រូវបាន​បង្កាត់​ចេញពី​ពូជស្រូវ​ផ្ការំដួល របស់​កម្ពុជា ដែលជា​ស្រូវ ជាប់​ពានរង្វាន់​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក​ជាមួយនឹង​ស្រ​ឡាយ​ស្រូវ​មិន​ប្រកាន់​រដូវ CNi9024​។

​លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​លើកឡើងថា ពូជស្រូវ​មួយ​ប្រភេទ​នេះ ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​កសិករ និង​ពាណិជ្ជករ​។ វា​អាចជួយ​កសិករ​ក្នុងការ​កាត់បន្ថយ​ការចំណាយ​និង​កម្លាំង​ក្នុងការ​ថែទាំ​ស្រែ​របស់​ពួកគេ​។ ដោយសារតែ​វា​ជា​ប្រភេទ​ពូជស្រូវ​មិន​ប្រកាន់​រដូវ ពាណិជ្ជករ​អាច​ទិញស្រូវ​ចំប៉ីស​៧០​បាន​ពេញ​មួយឆ្នាំ​តែម្តង​។​

​លោក Justin Whyatt ឯកអគ្គរាជទូត អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រួមគ្នា​ច្រូតស្រូវ និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ពូជស្រូវ​ចំប៉ីស​៧០ ក្នុង​ទិវា​ច្រូតស្រូវ ចំប៉ីស​៧០ នៅ CARDI​៕