សន្ដិសុខសង្គម

បញ្ជូន១២នាក់ក្លែងជាសង្ឃដើរបិណ្ឌបាតបែបអនាធិបតេយ្យទៅតុលាការ

ព្រៃវែង៖នគរបាលក្រុងព្រៃវែងបានឃាត់ខ្លួនបុរសចំនួន១២នាក់ ក្លែងជាសង្ឃបន្លំដើរបិណ្ឌបាត បែបអនាធិបតេយ្យ ក្នុងរាជធានី ខេត្ត ត្រូវបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយនោះនៅវត្តទួលព្រេច ភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៣។ ក្រុមជនសង្ស័យចំនួន១២នាក់ មានអាយុពី១៨ដល់៣២ឆ្នាំ នៅស្រុកដងទង់-ស្រុកកំពង់ត្រាច-ស្រុកកែប-ស្រុកទឹកឈូ-ខេត្តកំពត-ស្រុកបន្ទាយស្រី ខេត្តសៀមរាប-ស្រុកកំពង់សៀម ខេត្តកំពង់ចាម-ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១-២ ខែមេសា នៅវត្តទួលព្រេច មានពិធីបុណ្យឆ្លងសមិទ្ធផល នានានៅក្នុងវត្តនោះ។នៅថ្ងៃទី៣ ខែមេសា ដោយមានការសង្ស័យលើព្រះសង្ឃចំនួន១២អង្គ ក៏បានហៅទៅសាកសួរគឺការពិតពួកគេជាសង្ឃក្លែងក្លាយ។

ក្រោយមកគណៈកម្មាធិការនិងមន្ទីរធម្មការ បានដោះស្បង់ចីវរចេញរួចបានប្រគល់ឱ្យ នគរបាលក្រុងព្រៃវែង ដើម្បីបន្តនីតិវិធី។ក្នុងចំណោមជនសង្ស័យទាំង១២នាក់នោះ មាន៤នាក់ជំនាញបានរកឃើញសារធាតុញៀនក្នុងទឹកនោម។បច្ចុប្បន្នពួកគេត្រូវបានបញ្ជូន ទៅតុលាការខេត្តព្រៃវែង ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ