សន្ដិសុខសង្គម

នាំបុរស២នាក់ទៅតុលាការករណីគាស់ចម្រឹងបង្អួចផ្ទះលួចទ្រព្យសម្បត្តិ​

ភ្នំពេញ​៖ កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់បានជនសង្ស័យ២នាក់ ករណីគាស់ ចម្រឹងបង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រូវនាំខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យ២នាក់​ត្រូវកម្លាំងជំនាញខណ្ឌដង្កោ​ស្រាវជ្រាវចាប់ខ្លួន​បាននៅថ្ងៃទី៤​ ខែមេសា​ ពាក់ព័ន្ធ​លួចគាស់ចម្រឹងបង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិ កាលពីព្រលប់ថ្ងៃទី២ ខែមេសា នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យ២នាក់ឈ្មោះ ព្រឿង ម៉ារ៉ូត អាយុ២៣ឆ្នាំ នៅភូមិតាឡី ខណ្ឌដង្កោ និងឈ្មោះ ពៅ សីហា អាយុ២៤ឆ្នាំ នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។ចំណែកម្ចាស់ផ្ទះឈ្មោះ រស់ សុវណ្ណរាជ្យ អាយុ២៩ឆ្នាំ ជាមន្ត្រីរាជការ នៅភូមិសង្កាត់ខាងលើ។ ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូត វត្ថុតាងមាន-ធុងបាស់ម៉ាកJBL១-ម៉ាស៊ីនស្កែន១គ្រឿងនិងដំបងឫស្សី១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានកសាង សំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ