សេដ្ឋកិច្ច

ខេត្តរតនគិរី​បាន​ត្រៀម​ដី​ចំនួន​១.៤០០​ហិកតា​សម្រាប់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្

ដោយៈសិរីមតី

​ភ្នំពេញ៖ ខេត្តរតនគិរី​បាន​ត្រៀម​ដី​ចំនួន​១.៤០០​ហិកតា​សម្រាប់​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី ស្ថិតនៅ​ក្នុងស្រុក​លំផាត់ នៃ​ខេត្ត​រតនគីរី​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រតនគីរី​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​ភាពជោគជ័យ​រយៈពេល ៥​ឆ្នាំកន្លងមក របស់​រដ្ឋបាលខេត្តរ​តន​គិរី​” រៀបចំឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​៤​ខែមេសា លោក​ញ៉ែម សំអឿន បាន​មានប្រសាសន៍ថា​៖“​ដី​ដែល​រដ្ឋ​បាន​ត្រៀម កាលពីមុន​នោះ​គឺ​បាន​ក្លាយជា​ទីប្រជុំជន កណ្ដាល​ទីក្រុង​ទៅហើយ ដូច​ច្នេះ​វា​មិនអាច​សាងសង់​ជា​ព្រលានយន្តហោះ​បានទេ​។​ទីតាំង​ព្រលានយន្តហោះ ដែល​ត​ត្រូវ​ត្រៀម​សាងសង់​នាពេលខាងមុខ ត្រូវ​លើក​ទៅ​ទីតាំង​ផ្សេង​ដែលមាន​ទំហំ​ធំ​ជាង​។​ដោយឡែក​ទីតាំង​ចាស់​នេះ សម្រាប់​ធ្វើជា​សួន​កម្សាន្ត​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​នោះ នឹងត្រូវ​ត្រៀម​សាងសង់​វិមានឯករាជ្យ ក្នុង​ខេត្ត​រតនគីរី​ផងដែរ ។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ព្រលានយន្តហោះ​ខេត្ត​រតនគីរី​នេះដែរ គឺ​បាន​សិក្សា​ចប់​ហើយ ហើយ​ក៏បាន​អញ្ជើញ​មន្ត្រី​ជំនាញ​ខាង​អាកាសចរ​ស៊ីវិល មក​ពិនិត្យមើល​បន្ថែមទៀត ដែល​អាច​នឹងត្រូវ​សាង​សង់​ពេលណា​មួយ​នោះ គឺ​ត្រូវ​ពិនិត្យ​ជា​បន្តបន្ទាប់​ទៀត​។​

​លោក​ញ៉ែម សំអឿន​បាន​បន្ថែមថាទីតាំង​ត្រៀម​សម្រាប់​កសាង​ព្រលានយន្ដហោះ​ថ្មី​នេះគឺ​ស្ថិតនៅ​ចន្លោះ​រវាង​ខេត្ត​មណ្ឌល​គី​រីខេត្តស្ទឹង​ត្រែង ខេត្តក្រចេះ និង​ខេត្ត​រតនគីរី។ ទី​តាំងនេះ​ប្រកបដោយ​សក្ដានុពល​ខ្ពស់ដោយមាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រពី​ទី​រួម​ខេត្តរតន​គិរី​។ យ៉ាងណាក្ដី ថ្វីត្បិតតែ​ដី​សម្រាប់​ត្រៀម​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ នៅក្នុង​ខេត្ត​រតនគីរី​បាន​ត្រៀម​រួចហើយ​ក្ដី តែ​មកដល់​ពេលនេះ នៅតែ​មិនទាន់មាន​ក្រុមហ៊ុន​ណា បាន​ដាក់ទុន​សម្រាប់​អភិវឌ្ឍន៍ គម្រោង​ព្រលានយន្តហោះ​នេះ​នៅឡើយ​ទេ ហើយ​លោក​រំពឹងថា​ក្រោយ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រសើរ នឹងមាន​ក្រុមហ៊ុន​ចូលទៅ​កាន់​តំបន់​នោះ ដើម្បី​សិក្សា​ពី​ការដាក់​ទុនវិនិយោគ ។​

​លោក​អភិបាលខេត្ត​រតនគិរី​បង្ហាញ​ក្ដី​រំពឹងថា នៅពេល​ខេត្ត​របស់ខ្លួន​មាន​ព្រលានយន្ដហោះ​ថ្មី​នោះ នឹង​ទទួលបាន​អ្នកវិនិយោគ​កាន់តែ​ច្រើន​បន្ថែមទៀត ហើយ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​រុញ កំណើនសេដ្ឋកិច្ច​សង្គម សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕