អន្តរជាតិ

អាម៉េរិកថាការប្រយុទ្ធមិនទាន់ចប់ទេ អ៊ុយក្រែននៅតែតស៊ូយ៉ាងស្វិតស្វាញរំដោះយកបាក់មុត

សេតវិមាននិយាយថា ការប្រយុទ្ធគ្នាមិនទាន់ចប់ឡើយ ខណៈដែលអ៊ុយក្រែននៅតែ  តស៊ូយ៉ាង​ស្វិតស្វាញ​ដើម្បីរំដោះយកទីក្រុងបាក់មុត នៃខេត្តដូណេតភាគខាងកើតពីរុស្ស៊ីមកវិញ។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ ខណៈដែលសង្រ្គាមរុស្ស៊ីឈា្លនពាននៅ​អ៊ុយក្រែនបានឈានដល់ថ្ងៃទី ៤០៤ ថា ប្រជាជនអ៊ុយក្រែនមិនត្រូវបានបណ្តេញចេញពីទីក្រុងនោះទេ ពួកគេនៅតែកំពុងតស៊ូយ៉ាងស្វិតស្វាញមិនរាថយដោយបន្ថែមថា កញ្ចប់ជំនួយបន្ថែម​សម្រាប់អ៊ុយក្រែនអាចត្រូវបានរំពឹងទុកនៅសប្តាហ៍នេះ។

ការកត់សម្គាល់របស់សេតវិមានបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែនក៏បាននិយាយផងដែរថាកងកម្លាំងរុស្ស៊ី “នៅឆ្ងាយណាស់” ពីការចាប់យក Bakhmut ហើយការប្រយុទ្ធបានផ្ទុះឡើង​នៅជុំវិញអគាររដ្ឋបាលទីក្រុងដែលជាកន្លែងដែលក្រុមទាហានស៊ីឈ្នួល Wagner រុស្ស៊ីបានអះអាងថាបានលើកទង់ជាតិ និងកាន់កាប់បានសាលាក្រុង។

ការប្រយុទ្ធដើម្បីទីក្រុងឧស្សាហកម្ម Bakhmut បានក្លាយជាសមរភូមិដ៏យូរបំផុត និងបង្ហូរឈាមបំផុតនៃការវាយលុករយៈពេលមួយឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន។ ភាគច្រើននៃប្រជាជនមុនសង្គ្រាមរបស់ Bakhmut ប្រហែល ៧០០០០នាក់បានភៀសខ្លួន​ចេញពីទីក្រុងក្នុងឆ្នាំ ២០២២ ។ កងទ័ពអ៊ុយក្រែនបាននិយាយថា វាពិបាកក្នុងការនិយាយថាតើជនស៊ីវិលប៉ុន្មាននាក់នៅតែស្ថិតក្នុងទីក្រុង Bakhmut ជាមួយនឹងការប៉ាន់ស្មានមានចន្លោះចាប់ពី ១០០០ ទៅ ៥០០០ នាក់៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា