អន្តរជាតិ

អង្គការយូណេស្កូថាសង្រ្គាមបានបំផ្លាញបេតិកភណ្ឌ​វប្បធម៌​អ៊ុយក្រែនអស់ ២,៦ ពាន់​លាន​ដុល្លារ​

អង្គការយូណេស្កូបាននិយាយថា ការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន រហូតមកដល់ពេលនេះ​បានធ្វើឱ្យខូចខាតដល់បេតិកភណ្ឌ និងតំបន់វប្បធម៌របស់ប្រទេសអ៊ុយក្រែនគិតជាទឹកប្រាក់​អស់ប្រហែល ២.៦ ពាន់លានដុល្លារ។

នេះដោយយោងទៅតាមអគ្គនាយកអង្គការយូណេស្កូ លោកស្រី Audrey Azoulay បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីដើមសប្តាហ៍នេះ។ លោកស្រីថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៦.៩ ពាន់លានដុល្លារ ដើម្បីជួសជុលការខូចខាត និងធ្វើឱ្យឧស្សាហកម្មទាំងនេះត្រលប់មកភាពដើមវិញ។ លោកស្រីបាននិយាយថា “យើងនឹងជួយអាជ្ញាធរអ៊ុយក្រែនឲ្យរៀបចំផែនការកសាងជាតិឡើងវិញសម្រាប់វិស័យវប្បធម៌”។

តំណាងអង្គការយូណេស្កូ លោកស្រីប្រធានបញ្ជាក់ថា វិមានប្រហែល ២៥០ កន្លែងត្រូវបានខូចខាត ឬបំផ្លាញ ភាគច្រើននៅភាគខាងកើតនៃប្រទេស។ ឧស្សាហកម្មវប្បធម៌ ទេសចរណ៍ កីឡា និងការកម្សាន្តរបស់អ៊ុយក្រែនក៏បានបាត់បង់ប្រាក់ចំណូលសរុបចំនួន ១៥.១ពាន់លានដុល្លារចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ការវាយតម្លៃ និងសន្យាថានឹងជួយនេះ ធ្វើឡើងបន្ទាប់គ្នានឹងមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ (IMF) បានផ្តល់ប្រាក់ជំនួយឧបត្ថម្ភចំនួន ២.៧ ពាន់លានដុល្លារជាលើកដំបូង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា