សន្ដិសុខសង្គម

សមត្ថកិច្ចខេត្តកំពង់ចាម ប្រកាសរកក្រុមគ្រួសារមនុស្សស្លាប់ក្នុងវាលស្រែ

កំពង់ចាម៖ក្រោយពីប្រទះឃើញសពមនុស្សម្នាក់នៅវាលស្រែ អាចស្លាប់រយៈពេល១ខែកន្លងទៅនោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រកាសរកក្រុមគ្រួសារ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែមេសា ពលរដ្ឋបានប្រទះឃើញសពមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ស្ថិតក្នុងវាលស្រែមួយក្នុងភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ក្រោយពីទទួលព័ត៌មានភ្លាម​ លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានបង្កើតគណៈកម្មការចុះពិនិត្យសាកសព។

ក្រុមជំនាញបានពិនិត្រឃើញថា​ សពស្ថិតនៅវាលស្រែចម្ងាយប្រហែលជិត២គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៦១ ដោយរលួយសាច់អស់នៅសល់តែគ្រោងឆ្អឹងជាប់នឹងខោអាវ អាចស្លាប់រយៈពេល១ខែកន្លងទៅ។តាមការពិនិត្យ​វិភាគលើសាកសពមិនអាចកំណត់ អត្តសញ្ញាណបានទេ។

សពអាយុប្រហែល២០ឆ្នាំឡើង មានកម្ពស់ប្រហែល១ម៉ែត្រ៦៥ ស្លៀកខោជើងវែងពណ៌ប្រផេះ មិនពាក់អាវ នៅលើខ្លួនត្រង់ស្មាខាងឆ្វេងដើមដៃមានរូបសាក់សញ្ញាក្បាលខ្លា បន្សល់ទុកអាវយឺត ដៃខ្លីនៅក្បែរសពពណ៌ខ្លឹមខ្នុរ។

នៅលើអាវយឺតផ្នែកខាងមុខមានរូបសញ្ញាតុក្កតា និងមានអក្សរ THEAA POUNIVERSE ពាក់ស្បែកជើងប៉ាតាពណ៌ប្រផេះ ស្រោមជើងពណ៌ខ្មៅ។បន្ទាប់មកអាជ្ញាធរបានប្រកាស ស្វែងរកក្រុមគ្រួសារសព បើបានបាត់សមាជិករបស់ខ្លួន សូមផ្ដល់ដំណឹងមកក្រុមការងារប្រតិកម្មរហ័ស នៃនគរបាលខេត្តកំពង់ចាម តាមរយៈលេខទូរសព្ទ 015 727 337 ឬ 069 998 833 ៕ដោយ៖វិចិត្រ