សន្ដិសុខសង្គម

រថយន្តទំនើបបើករបូតកង់ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ស្ទឹងត្រែង៖គ្រោះថ្នាក់កើតឡើងខ្លួនឯង ដោយរថយន្តទំនើបម៉ាកតូយូតាឡិចស៊ីស បានបើករបូតកង់ក្រឡាប់ធ្លាក់ផ្លូវបណ្ដាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះឋិតនៅលើផ្លូវជាតិលេខ៧៨A ភូមិក្បាលរមាសថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣ ខែមេសា។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងដោយខ្លួនឯង រថយន្តម៉ាកឡិចស៊ីស RX៣៣០ផ្លាកលេខភ្នំពេញ2AJ.2114 បើកពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែ រថយន្តបានរបូតកង់ហើយក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់។ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

មន្ត្រីដដែលបានបន្តថា ចំពោះអ្នកបើករថយន្តនិងអ្នករួមដំណើរដែលរងគ្រោះថ្នាក់នោះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ក្រោយមកអាជ្ញាធរកំពុងស្រាវជ្រាវ រកក្រុមគ្រួសារដើម្បីប្រគល់សពយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ