អន្តរជាតិ

ភ្លើងឆេះផ្សារលក់សម្លៀកបំពាក់ដ៏ពេញនិយមរបស់ប្រទេសបង់ក្លាដែស

ចំណែកនៅបង់ក្លាដែសវិញ អគ្គិភ័យបានឆាបឆេះផ្សារលក់សម្លៀកបំពាក់ដ៏ពេញនិយម​បំផុតមួយក្នុងរដ្ឋធានី បណ្ដាលឲ្យអាជីវករស្លុតចិត្តក្រោយពីបាត់បង់ទ្រព្យសម្បត្តិស្ទើរទាំងស្រុង។

មន្ត្រីសេវាពន្លត់អគ្គិភ័យក្នុងស្រុក លោកRafi Al Faruk បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press តាមទូរសព្ទថា ភ្លើងបានចាប់ផ្តើមឆេះនៅផ្សារលក់ សម្លៀកបំពាក់ Banga Bazar ដ៏ពេញនិយម ក្នុងទីក្រុង Dhaka នៅម៉ោង ៦ និង១០ ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារទី៤ខែមេសា ឆ្នាំ២០២៣។ អ្នក​នាំពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ ​លោក Rakibul Islam បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ “​អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល ៦០០ នាក់កំពុង​ធ្វើ​ការ​ដើម្បី​គ្រប់គ្រង​ភ្លើង”​។ ឧទ្ធម្ភាគចក្រកងទ័ពអាកាស​បានចូលរួមខំប្រឹងពន្លត់ភ្លើង ដោយរូបភាពពីលើអាកាសពីឧបករណ៍បានបង្ហាញពីមនុស្សរាប់រយនាក់​កំពុងមើល​ភ្លើងឆេះ​ពីលើស្ពានអាកាសក្បែរនោះ។

យោងតាមប្រភពដដែល គេមិនទាន់បានឃើញមានរបាយការណ៍ភ្លាមៗពីអ្នកស្លាប់ និងរងរបួសនោះទេ ដឹងត្រឹមថាទ្រព្យសម្បត្តិអាជីវករ និងតំបន់​ពាណិជ្ជកម្ម​នៅ​ជាប់​គ្នា​ចំនួន​បី​ត្រូវ​បាន​ឆេះ​ស្ទើរតែ​ទាំងស្រុង។ ចំណែកមូលហេតុនៃការឆេះក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ។ គួរដឹងថា អគ្គិភ័យតែងតែកើតឡើង​នៅកន្លែងពាណិជ្ជកម្មក្នុងប្រទេសបង់ក្លាដែសជារឿយៗ ដោយសារតែខ្វះខាតការត្រួតពិនិត្យ និងការរៀបចំសុវត្ថិភាពការពារអគ្គិភ័យ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា