អន្តរជាតិ

ប្រជាពលរដ្ឋខ្មែរអាចចូលប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលឧស្សាហ៍ចេញចូលប្រទេសថៃមិនចាំបាច់មានទិដ្ឋាការទៀតទេចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៣ តទៅ។

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ តទៅ ប្រជាពលរដ្ឋខ្មែរអាចចូលទៅប្រទេសថៃរយៈពេលខ្លីគឺមិនតម្រូវឲ្យមានទិដ្ឋាការទៀតទេ។ ស្ថានទូតបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេសថៃ គ្រាន់តែកាន់លិខិតឆ្លងដែនកម្ពុជាគឺអាចចូលក្នុងប្រទេសថៃបានហើយ។

ចំពោះការស្នាក់នៅវិញមានសុពលភាព ១៤ថ្ងៃ សំរាប់លិខិតឆ្លងដែនធម្មតា និង ៣០ថ្ងៃ សំរាប់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។ ប្រសិនបើបងប្អូនមានបំណងចង់ស្នាក់នៅ


រយៈពេលវែង ចាំបាច់ត្រូវមានទិដ្ឋាការជាមុនសិនទើបអាចស្នាក់នៅយូរបាន។ ចំណែកឯការដាក់ពាក្យស្នើសុំត្រូវធ្វើនៅស្ថានទូតថៃ ក្នុងទីក្រុងភ្នំពេញ មុនធ្វើដំណើរទៅកាន់ប្រទេសថៃ ចៀសវាងការស្នាក់នៅដោយខុសច្បាប់។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ៕