សន្ដិសុខសង្គម

ត្រៀមបញ្ជូនកូនប្រសាប្រើកាំបិតផ្គាក់កាប់ម្តាយក្មេកទៅតុលាការ

ពោធិ៍សាត់៖ជនសង្ស័យជាកូនប្រសា ដែលបានប្រើកាំបិតផ្គាក់កាប់លើម្តាយក្មេកឱ្យរងរបួស ហើយរត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមចាប់បាន រួចត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីនគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមេសា មានអំពើហិង្សា​ក្នុងគ្រួសារមួយឋិតក្នុងភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់។ជនបង្កអាយុ៣៨ឆ្នាំ នៅភូមិសង្កាត់ខាងលើ បានយកកំបិតផ្គាក់កាប់ទៅម្តាយក្មេកមួយកាំបិតចំស្មា​បណ្តាលឱ្យរងរបួសរួចគេចខ្លួនបាត់។

មុនកើតហេតុ ជនសង្ស័យបានប្រើគ្រឿងញៀននិងស្រវឹងស្រា ហើយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ តែពេលនោះម្តាយក្មេកបានទៅឃាត់ ស្រាប់តែជនបង្កបានខឹងក៏ស្ទុះទៅយកកាំបិតផ្គាក់​មកកាប់ធ្វើឱ្យម្តាយក្មេករងរបួស ហើយបានរត់គេចខ្លួន។

ក្រោយមកសមត្ថកិច្ចបានចុះទៅផ្ទះកើតហេតុភ្លាមៗ យកបានវត្ថុតាងកាំបិតផ្គាក់១។បន្ទាប់ពីស្រាវជ្រាវ កម្លាំងជំនាញតាមចាប់ជនបង្កបាននៅថ្ងៃទី៣ ខែមេសា និងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ