អន្តរជាតិ

ដូណាល់ត្រាំរំពឹងចូលសវនការនៅទីក្រុងញូយ៉កនៅថ្ងៃអង្គារនេះ

អតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ នៅថ្ងៃអង្គារទី ៤ ខែមេសាសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងចូលតតាំងនៅបន្ទប់សវនការទីក្រុងញូយ៉កលើសំណុំរឿងចោទប្រកាន់បទព្រហ្មទណ្ឌសូកលុយបំបិទមាត់នារីតារាអាសអាភាស។

លោក ដូណាល់ ត្រាំ បានចាកចេញពីរដ្ឋផ្លរីដា ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ជាកន្លែងដែលលោកគ្រោងនឹងទទួលសវនាការនៅថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់​ដោយចៅក្រម Manhattan ។ បើតាមមេធាវីលោកត្រាំ ដែលសុទ្ធសឹងតែជាអ្នកមានកេរ្តិ៍ឈ្មោះ និងសមត្ថភាពខ្លាំងៗ ដូចជាលោក Joe Tacopina និងលោកស្រី Susan Necheles សំណុំរឿងតតាំងរបស់លោកត្រាំនឹងធ្វើឡើងដល់ទីបញ្ចប់ មិនចុះចាញ់ឡើយ ហើយលោកត្រាំក៏មិនភ័យខ្លាចអ្វីដែរ។

សូមរំលឹកបន្តិចថា លោកដូណាល់ត្រាំ ត្រូវបានចៅក្រម Manhattan ចោទប្រកាន់ពីបទឧក្រិដ្ឋ​បំពានច្បាប់​សហរដ្ឋអាម៉េរិកយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦។ ត្រំាត្រូវបានគេចោទថា បានប្រើលុយប្រមាណ១៣ម៉ឺនដុល្លារយកទៅឲ្យតារាអាសអាភាសស្រី​ដែលជាសហាយស្មន់ ដើម្បីបំបិទមាត់នូវរាល់អំពើលួចលាក់ប្រព្រឹត្តជាមួយគ្នាកាលឆ្នាំ២០០៦។ ការ​ចោទប្រកាន់នេះ នឹង​ជាប់​ឈ្មោះក្នុងបទ​ឧក្រិដ្ឋកម្ម​លើក​ដំបូង​ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី​ក្នុង​ប្រវត្តិសាស្ត្រ​របស់អាម៉េរិក៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា