សន្ដិសុខសង្គម

ចាប់ប្ដីនិងប្រពន្ធពាក់ព័ន្ធចេញសែកស្អុយប្រមាណ៤ម៉ឺនដុល្លារ

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវ​ឈានដល់ឃាត់ខ្លួន​ប្តីនិងប្រពន្ធ​ បន្ទាប់ពី​ម្ចាស់លុយ​ប្ដឹងពាក់ព័ន្ធចេញសែកស្អុយប្រមាណ៤ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងនៅ​ថ្ងៃទី​៤​ ខែមេសា​នេះថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងតាមបណ្ដឹង អាជីវករម្នាក់នៅភ្នំពេញ ​កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៣។ ប្រភពបាន​បន្តថា​ ជនសង្ស័យឈ្មោះ ប៊ុន ណារិទ្ធ អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌុន សំអាត អាយុ៣៣ឆ្នាំ។ទាំង២នាក់នេះស្នាក់នៅ​សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា​ ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ដើមបណ្ដឹងបានដាក់លុយតាមធនាគារ ជាបន្ដបន្ទាប់សរុបជាង១៤ម៉ឺនដុល្លារដើម្បីឱ្យប្ដីប្រពន្ធនេះជួយទិញម៉ូតូដើម្បីផ្គត់ផ្គង់ឱ្យខ្លួនលក់នៅភ្នំពេញ។ប៉ុន្ដែបុគ្គលទាំង២នាក់នេះទិញម៉ូតូឱ្យដើមបណ្ដឹងគិតជាលុយបានតែជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ នៅសល់លុយប្រមាណ៤ម៉ឺនដុល្លារទៀត។

ក្រោយមកប្តីប្រពន្ធមិនបានទិញម៉ូតូឱ្យដើមបណ្ដឹងទៀតទេ។នៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ដើមបណ្ដឹងបានជួបជាមួយប្តីប្រពន្ធដើម្បីជជែកគ្នា។ពេលនោះបុគ្គល២នាក់បានចេញសែកមួយសន្លឹកឱ្យដើមបណ្ដឹងដើម្បីសងប្រាក់នៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៣។លុះដល់ជនរងគ្រោះទៅបើកលុយ ខាងធនាគារប្រាប់ថា “សែកនោះមិនមាន​សាច់ប្រាក់ទេ”ទើបសម្រេចចិត្តប្តឹងសុំឱ្យសមត្ថកិច្ចជួយចាត់ការតាមច្បាប់តែម្តង​៕ដោយ៖វិចិត្រ