សន្ដិសុខសង្គម

កំពុងរកចាប់ក្រុមចោរជិះរថយន្តចូលផ្ទះពលរដ្ឋគាស់ទូដែកយកមាសអស់ជាង២តម្លឹង

កំពត៖សមត្ថកិច្ចកំពុងរកចាប់ក្រុមចោរដែលជិះរថយន្តមកចតខាងមុខ ហើយសម្រុកចូលក្នុងផ្ទះអ្នកភូមិ រួចគាស់ទូដែកយកមាសអស់ជាង២តម្លឹងនិងលុយ រួចនាំគ្នាគេចខ្លួនបាត់អស់។ហេតុការណ៍នេះ​បានកើតឡើងឋិតក្នុងភូមិឈើទាល ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី៣ ខែមេសា។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះគង់ ហៀង អាយុ ៦៦ឆ្នាំ នៅភូមិឃុំខាងលើ។ មុនកើតហេតុ ក្រុមចោរពី៣ទៅ៤នាក់បានជិះរថយន្តមកចតនៅខាងមុខ ហើយសម្រុកចូលកាត់សោទ្វារផ្ទះពលរដ្ឋ។ពេលនោះជនសង្ស័យបានគាស់ទូដែកយកលុយនិងមាស  រួចនាំគ្នាជិះរថយន្តចេញភ្លាមៗគេចខ្លួនបាត់អស់។

ក្នុងហេតុការណ៍នេះម្ចាស់ផ្ទះអះអាងថា បានបាត់មាសអស់១តម្លឹង៩ជីជាប្រភេទខ្សែក និងចិញ្ចៀនមាស២វង់ទម្ងន់៤ជី ព្រមទាំងលុយមួយចំនួនទៀត។ក្រោយកើតហេតុ សមត្ថកិច្ចបានបន្តស្រាវជ្រាវរកចាប់ជនសង្ស័យទាំងនោះដើម្បីយកមកចាត់ការតាមច្បាប់៕ដោយ៖កំចាយ