កម្សាន្ដ

មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺរៀបចំពិធីប្រណាំងរទេះសាឡីដើម្បីរក្សាប្រពៃណី

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះគោលឿន ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណី និងបង្កើនភាពសប្បាយរីករាយអបអរសាទរពិធីចូលឆ្នាំថ្មីខាងមុខ។

ពិធីប្រណាំងរទេះសាឡីគោលឿននេះបានធ្វើឡើងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ ក្រោមការដឹកនាំរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេសសំរាប់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺផ្ទាល់តែម្តង។ មន្ទីរវប្បធម៌បានឲ្យដឹងទៀតថា ការរៀបចំប្រណាំងរទេះគោសាឡីលឿននេះ គឺជាលើកទី៩ហើយសំរាប់ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ ២០២៣។ ក្នុងនោះមានរទេះគោចូលរួម ៣៩នឹមមាន ប្រភេទគោធំ ១៤នឹម ដែលបានប្រកួតប្រជែង។

អ្នករៀបចំកម្មវិធីបញ្ជាក់ទៀតថា កម្មវិធីនេះក៏មានការគាំទ្រពីរដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រដ្ឋបាលក្រុងច្បារមន និងសមាគមគោខេត្តកំពង់ស្ពឺ ដើម្បីរៀបចំឲ្យពិធីនេះដំណើរការទៅបានដោយរលួន និងប្រកបដោយក្តីសប្បាយរីករាយ៕