អន្តរជាតិ

កូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកកូរ៉េខាងជើង

កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងជប៉ុន ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ដើម្បីទប់ទល់នឹង​សមត្ថភាពនុយក្លេអ៊ែរ និងការគំរាមកំហែងដែលកំពុងវិវត្តន៍របស់កូរ៉េខាងជើង។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងជប៉ុន នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទ ដើម្បីទប់ទល់នឹង​សមត្ថភាពនុយក្លេអ៊ែរ និងកាំជ្រួចដែលកំពុងវិវត្តន៍របស់ប្រទេសកូរ៉េខាងជើង។ សមយុទ្ធនឹងធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ក្បែរកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាម៉េរិក ដឹកនាំដោយ USS Nimitz ដែលបានមកដល់ទីក្រុងប៊ូសានភាគអាគ្នេយ៍កាលពីសប្តាហ៍មុន។ សមយុទ្ធត្រីភាគីបានកើតឡើង​នៅពេលដែលកូរ៉េខាងជើងបានបង្ហាញកាលពីសប្តាហ៍មុននូវក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំតូចជាងមុន ដោយប្តេជ្ញាថានឹងផលិតសម្ភារនុយក្លេអ៊ែរកម្រិតអាវុធបន្ថែមទៀត ដើម្បីពង្រីកឃ្លាំងអាវុធ​របស់ខ្លួន និងអួតពីអ្វីដែលគេហៅថាយន្តហោះគ្មានមនុស្សបើកវាយប្រហារក្រោមទឹកដែលមាន​សមត្ថភាពនុយក្លេអ៊ែរ។

ក្រសួងបាននិយាយថា សមយុទ្ធនៅសប្តាហ៍នេះ នឹងប្រើប្រាស់គោលដៅហ្វឹកហ្វឺន   សង្គ្រាមប្រឆាំង​នាវាមុជទឹកចល័ត ដើម្បីបង្កើនសមត្ថភាពដែលត្រូវការ ដើម្បីស្វែងរក តាមដាន និងបំផ្លាញការគំរាមកំហែងក្រោមទឹករបស់កូរ៉េខាងជើង។ ប្រទេសទាំងបីចុងក្រោយបានធ្វើ​សមយុទ្ធប្រឆាំងនាវាមុជទឹកត្រីភាគីកាលពីខែកញ្ញា ដែលជាលើកទីមួយក្នុងរយៈពេលប្រាំឆ្នាំ ចំពេលមានភាពតានតឹងជុំវិញការសាកល្បងកាំជ្រួចមីស៊ីលជាច្រើន ដែលមិនធ្លាប់មាន​ពីមុនមករបស់ប្រទេសកូរ៉េខាងជើង៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា