អន្តរជាតិ

រុស្ស៊ីថាទោះមានការតវ៉ានៅអឺរ៉ុបនិងអាម៉េរិកក៏ដោយ ខ្លួននៅតែមិនប្តូរជំហរដាក់អាវុធនុយក្លេអ៊ែរនៅបេឡារុស

រុស្ស៊ីថា ទោះជាមានការតវ៉ាខ្លាំងនៅអឺរ៉ុប ក៏ដូចជាសហរដ្ឋអាម៉េរិកក៏ដោយ ខ្លួននៅតែមិនផ្លាស់ប្តូរជំហរ​ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុសដដែល។

សារព័ត៌មាន Interfax ដកស្រង់សម្តីលោក Boris Grizlov ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុស ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ STV ដែលជាប៉ុស្តិ៍ទូរទស្សន៍បេឡារុស​ កាលពីថ្ងៃអាទិត្យទី ២ ខែមេសាថា “[អាវុធនុយក្លេអ៊ែរ] នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងលិចនៃរដ្ឋសម្ព័ន្ធមិត្តរបស់យើង ហើយនឹងពង្រឹងសមត្ថភាពសន្តិសុខរបស់យើង។ នេះនឹងត្រូវបានធ្វើឡើង ទោះបីជាមានការតវ៉ានៅអឺរ៉ុប និងសហរដ្ឋអាម៉េរិកក៏ដោយ”។ Grizlov បានបន្តថា “ប្រសិនបើយើងកំពុងនិយាយអំពីសហរដ្ឋអាម៉េរិក​ដែលបានដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ពួកគេនៅក្នុងបណ្តាប្រទេសអឺរ៉ុប – អ៊ីតាលី បែលហ្ស៊ិក ហូឡង់ អាល្លឺម៉ង់ Türkiye – នោះយើងត្រូវតែចាត់វិធានការដូចគ្នា ដែលនឹងជួយពង្រឹងសន្តិសុខ​នៃរដ្ឋសម្ព័ន្ធមិត្តរបស់យើង”។

លោកប្រាប់បន្ថែមទៀត “រុស្ស៊ី និងបេឡារុស គឺជារដ្ឋសម្ព័ន្ធមិត្ត ហើយស្របច្បាប់ ផ្ទុយពីទឹកដីនៃ​ប្រទេសដែលអាម៉េរិកកំពុងដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួន”។ គួរជម្រាបដែរថា ឯកអគ្គរដ្ឋទូតរុស្ស៊ីបានរំលឹកឡើងវិញរួចហើយអំពីឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់បេឡារុស ដែលនឹងត្រូវដាក់ពង្រាយ គឺត្រៀមរួចរាល់ត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំនេះ៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា