អន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសព្រមាន ខណៈភ្លើងឆេះព្រៃទូទាំងប្រទេស

រដ្ឋាភិបាលកូរ៉េខាងត្បូងនៅដើមសប្តាហ៍នេះ បានចេញសេចក្តីប្រកាសព្រមានពីអាកាសធាតុស្ងួត ខណៈភ្លើងបានលេបត្របាក់ព្រៃឈើទូទាំងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា ភ្លើងឆេះព្រៃបានផ្ទុះឡើងនៅទូទាំងប្រទេស​កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យដើមខែមេសានេះ ដោយសារតែអាកាសធាតុស្ងួត និងខ្យល់បក់នៅនិទាឃរដូវ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយដោយដកស្រង់​សម្តីពីសេវាព្រៃឈើកូរ៉េ (KFS) ។ យោងតាមគេហទំព័រព័ត៌មានភ្លើងឆេះព្រៃតាមពេលវេលាពិតរបស់ KFS បានឱ្យដឹងថា ភ្លើងឆេះព្រៃសរុបចំនួន ៣០ បានកើតឡើងនៅទូទាំងប្រទេសនៅម៉ោង ៣និង៣០នាទីរសៀលម៉ោងក្នុងស្រុក អាជ្ញាធរអគ្គិភ័យបានបញ្ជូនឧទ្ធម្ភាគចក្រ ១៧ គ្រឿង និងមន្ត្រីជាង ១.៦០០ នាក់ ដើម្បីពន្លត់ ហើយមានតែ ១៥កន្លែងប៉ុណ្ណោះដែលត្រូវបានពន្លត់។ ជាក់ស្តែងដូចជាអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅម៉ោងជិត១២ថ្ងៃត្រង់ម៉ោងក្នុងស្រុកនៅលើភ្នំ Inwang ក្នុងទីក្រុងសេអ៊ូល ដែលជាភ្នំមួយនៅជិតទីតាំងមុននៃការិយាល័យប្រធានាធិបតីរបស់ប្រទេស។

រដ្ឋាភិបាលបានចេញការព្រមានអំពីអាកាសធាតុស្ងួតពិសេស បើទោះបីជាមិន​ទាន់​មាន​សេចក្តី​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រមាណ ១២០​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញជាបណ្តោះអាសន្ន។ តាមប្រភពដដែល ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​ព្រៃឈើ​ទំហំ ០,២៣ គីឡូម៉ែត្រ​ការ៉េ ឬស្មើនឹង​ទំហំ​ដីប្រហែលទីលាន​បាល់ទាត់​ចំនួន ៣២៕

ប្រភព៖ XINHUA.NET

ប្រភពរូប៖XINHUA.NET
ប្រែសម្រួល៖សុខ តុលា