សន្ដិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ ឯភាគីម្ខាងទៀតរងរបួស

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកម៉ូតូ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាម ចំណែកភាគីម្ខាងទៀត​បានរងរបួសតិចតួច ហើយលើកម៉ូតូជិះចេញទៅបាត់ ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិ​ចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីព្រលប់ថ្ងៃទី២ ខែមេសា។

នគរបាលមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លីម សុខា អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារអ៊ីអន២ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។កន្លែងកំណើតភូមិស្វាយជួរ ឃុំចម្ការអណ្តូង ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កុបពី ផ្លាកលេខភ្នំពេញ1JL-7520 ចេញពីផ្ទះ ទៅយកឪពុកធ្វើការនៅបុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ។មកដល់កន្លែងខាងលើ ត្រូវម៉ូតូម៉ាកហុងដាឌ្រីមបើកមកពីមុខបុកគ្នាពេញទំហឹងបណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់ភ្លាមៗ។

ចំណែកភាគីម្ខាងទៀតមិនស្គាល់អត្តសញ្ញាណ រងរបួសតិចតួចក៏លើកម៉ូតូជិះចេញទៅបាត់។បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ