សន្ដិសុខសង្គម

មិនទាន់ចាប់បានអ្នកបើករថយន្តបុកម៉ូតូនិងកិនស្ត្រីម្នាក់ស្លាប់

កណ្តាល៖ រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានតៃកុងរថយន្តបុកម៉ូតូទាំងកំរោល និងកិនស្ត្រីម្នាក់ឱ្យធ្លាយពោះវៀនស្លាប់មួយរំពេចនោះនៅឡើយ។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិធំ ស្រុកកៀនស្វាយ កាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែមេសា។ស្ត្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ ផាត បូរិន អាយុ២៧ឆ្នាំ នៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនកើតហេតុ នាងបានជិះម៉ូតូម៉ាកHONDA ZOOMER-X ផ្លាកលេខកណ្តាល 1Y.6781 ពីខាងអ្នកលឿងទៅភ្នំពេញ ដោយអែបស្តាំនៅគន្លងផ្លូវម៉ូតូ។មកដល់កន្លែងខាងលើ មានរថយន្តមិនស្គាល់ម៉ាកបើកមកពីមុខដោយរំលោភចូលចំណែកផ្លូវក៏បុកម៉ូតូ និងកិនបណ្តាលឱ្យស្ត្រីរងគ្រោះធ្លាយពោះវៀនស្លាប់ភ្លាមៗ។ពេលនោះរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់៕ដោយ៖វិចិត្រ