សន្ដិសុខសង្គម

បើករថយន្តថយក្រោយបុកផាស្អេបផ្ទប់ថ្មចែកផ្លូវ​ ២នាក់រងរបួស

ភ្នំពេញ៖បុរសម្នាក់បើករថយន្តឡិចស៊ីស570 ថយក្រោយយ៉ាងលឿនជ្រុលទៅបុកផាស្អេប ផ្ទប់របាំងថ្មចែកផ្លូវពេញទំហឹង ហើយកល់ជាប់លើថ្មនោះបណ្ដាលឱ្យមនុស្ស២នាក់រងរបួស​។ គ្រោះថ្នាក់នេះនៅតាមផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង ​កាលពីព្រឹកថ្ងៃទី៣ ខែមេសា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ​ គេឃើញបុរសម្នាក់បើក​រថយន្តម៉ាក​ឡិចស៊ីស​ LX570 ផ្លាក​លេខ​ភ្នំពេញ​2AT-8288 ថយចេញពីធនាគារមួយ​។

រថយន្តនោះពេលថយក្រោយបានបុកផាស្អេបកំពុងបើកដឹកភ្ញៀវ​តាមផ្លូវព្រះមុនីវង្ស​ពីត្បូងទៅជើងពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យខ្ទាតបុកផ្ទប់របាំងថ្មចែកផ្លូវបាក់អស់៥កង់​ ហើយរថយន្តកល់ជាប់ទាំងផាស្អេប​រងការខូចខាតយ៉ាងដំណំ​។ក្នុងនោះបណ្តាលឱ្យខាងផាស្អេបរងរបួស២នាក់។

​បន្ទាប់ពីកើតហេតុ មន្ត្រីចរាចរណ៍បានមកយករថយន្តបង្ក​និងផាស្អេបទៅទុកនៅនគរបាល​រាជធានីភ្នំពេញ​ ដើម្បីរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ