សន្ដិសុខសង្គម

បង្ហាញមុខក្រុមចោរឆក់មាសតាមទូមុនបញ្ជូនទៅតុលាការ

កំពង់ស្ពឺ៖នគរបាលខេត្តកំពង់ស្ពឺ បានបង្ហាញមុខក្រុមចោរឆក់មាសតាមទូនៅខេត្តតាកែវ ហើយបុករថយន្តសមត្ថកិច្ចឱ្យខូចនិងរបួសម្នាក់ មុនបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

កម្លាំងជំនាញបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១ ខែមេសា នគរបាលស្រុកបសេដ្ឋ ត្រូវគេរាយការណ៍ថាមានក្រុមជនសង្ស័យឆក់ខ្សែកចេញពីទូលក់មាស​នៅផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ។បន្ទាប់ពីទទួលបានភិនភាគនិងមធ្យោបាយរួចមក សមត្ថកិច្ចក៏ចេញពួនស្ទាក់​ឈានដល់បង្ក្រាបក្រុមល្មើសបានចំនួន៣នាក់និងរថយន្តមួយគ្រឿង។

ជនសង្ស័យឈ្មោះ ​គីម លីហួ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ឈ្មោះ សួន ពុទ្ធរិទ្ធ ហៅវីត  និងឈ្មោះ លី ខៀង។២នាក់នេះនៅសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។រថយន្តចាប់បានម៉ាកព្រូស១គ្រឿង ផ្លាកលេខភ្នំពេញ 2BP-3306 ជិះធ្វើសកម្មភាព ។ក្រោយពីឃាត់ខ្លួនជាមួយវត្ថុតាង សមត្ថកិច្ចខេត្ត​កំពង់ស្ពឺបានសាកសួរហើយកសាងសំណុំរឿងនិងបង្ហាញមុខមុនបញ្ជូនខ្លួនទៅតុលាការ៕ដោយ៖វិចិត្រ