សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យករណីចាក់សម្លាប់ប្រពន្ធទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកម៉ាឡៃ កាលពីថ្ងៃទី២ ខែមេសា បានស្រាវជ្រាវចាប់ជនសង្ស័យ ករណីចាក់សម្លាប់ប្រពន្ធព្រោះតែរឿងប្រចណ្ឌ ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

អំពើឃាតកម្មក្នុងគ្រួសារនេះបានកើតឡើងនៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលស្រុកម៉ាឡៃបានឱ្យថា ជនសង្ស័យឈ្មោះ ជា សារ៉ាន់ អាយុ៣៥ឆ្នាំ ជាកម្មករ នៅភូមិថ្មី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ចំណែកស្ត្រីដែលស្លាប់ឈ្មោះ មើយ ពឿង អាយុ៣៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

ប្រភពដដែលបានបន្តថា កាលពីយប់ថ្ងៃទី១ ខែមេសា មានករណីឃាតកម្មដោយប្តីបានចាក់សម្លាប់ ប្រពន្ធបណ្តាលឱ្យស្លាប់។បន្ទាប់កើតហេតុ ផ្នែកជំនាញបានចុះពិនិត្យសពស្ត្រីរូបនោះ ឃើញស្នាមចាក់នឹងកាំបិតចុងស្រួចចំដើមទ្រូង ហើយជនសង្ស័យជាឃាតកបានរត់គេចខ្លួនបាត់។

ក្រោយមានអំពើឃាតកម្ម នគរបាលស្រុកម៉ាឡៃក៏ស្រាវជ្រាវតាមចាប់ជនសង្ស័យបានរួច នាំទៅសាកសួរ។

ជនដៃដល់បានសារភាពថា ក្រោយត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញដល់ផ្ទះ ខ្លួនបានឈ្លោះ ប្រកែកជាមួយប្រពន្ធ ព្រោះតែខ្លួនកើតរឿងប្រចណ្ឌ ហើយក៏ជ្រុលដៃចាក់សម្លាប់តែម្តង៕ដោយ៖វិចិត្រ