អន្តរជាតិ

តម្លៃប្រេងអាចនឹងហក់ឡើងខ្លាំង ក្រោយស្តេចប្រេងអារ៉ាប៊ីសាអូឌីតកាត់បន្ថយការផលិត៥០ម៉ឺនបារែលក្នុងមួយថ្ងៃ

តម្លៃប្រេងនៅទូទាំងពិភពលោកអាចនឹងហក់ឡើងខ្លាំង ក្រោយស្តេចប្រេងអារ៉ាប៊ីសាអូឌីតបានប្រកាស កាត់បន្ថយការផលិតខ្នាតធំគួរឲ្យភ្ញាក់ផ្អើល៥០ម៉ឺនបារែលក្នុងមួយថ្ងៃដល់ដំណាច់ឆ្នាំ២០២៣នេះ។

ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍និយាយកាលពីថ្ងៃអាទិត្យទី ២ ខែមេសាថា ការកាត់បន្ថយនេះនឹងធ្វើឡើងរហូតដល់ដំណាច់ឆ្នាំ២០២៣តែម្តង ពោលគឺនឹងចាប់ផ្តើម ពីខែឧសភាតទៅ នៅក្នុងការសម្របសម្រួលជាមួយសមាជិកនៃអង្គការប្រេង OPEC។ ការ​កាត់​បន្ថយ​នេះ គឺ​បន្ថែម​លើ​ការ​កាត់​បន្ថយ​ដែល​បាន​ប្រកាស​កាល​ពី​ខែ​តុលា​មុន ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​លោក Biden ខឹង​សម្បា ឈឺក្បាលយ៉ាងខ្លាំងដោយសារតម្លៃប្រេងទូទាំងសកលលោកបានឡើងថ្លៃកប់ពពក។ ក្រសួង​បាន​ពណ៌នា​ចំណាត់ការ​នេះ​ថា​ជា “វិធានការ​ប្រុងប្រយ័ត្ន” ក្នុង​គោល​បំណង​រក្សា​ស្ថិរភាព​ទីផ្សារ​ប្រេង។ បើទោះជាការកាត់បន្ថយនេះតំណាងឱ្យតិចជាង ៥ភាគរយ នៃផលិតកម្មជាមធ្យមរបស់ប្រទេស អារ៉ាប៊ីសាអូឌីតដែលមានចំនួន១១.៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២២ក៏ដោយ តែវាបានធ្វើឲ្យ មានការព្រួយបារម្ភរួចទៅហើយទៅលើអ្នកប្រើប្រាស់ ពិសេសអ្នកឃ្លាំមើលទីផ្សារប្រេងវាយតម្លៃថា វាអាចនឹងជាហានិភ័យនៃការកើនឡើងតម្លៃខ្លាំងម្តងទៀតនៅទូទាំងពិភពលោក ខណៈក្រោយការប្រកាសមិនបាន២៤ម៉ោងផង តម្លៃប្រេងម៉ាកល្បីៗហក់ឡើងជិត៦%ទៅហើយ។

តម្លៃប្រេងកាន់តែខ្ពស់គួរឲ្យបារម្ភ នឹងជួយបំពេញថវិការបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅពេលដែលប្រទេសរបស់លោកធ្វើសង្រ្គាមលើអ៊ុយក្រែន និងបង្ខំជនជាតិអាម៉េរិក និងអ្នកផ្សេងទៀតឱ្យបង់ប្រាក់កាន់តែច្រើន ចំពេលអតិផរណាដែលបង្កឡើងដោយជម្លោះនោះ។ វាក៏ទំនងជាធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាម៉េរិកផងដែរ។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមមក ក្រុមហ៊ុនប្រេង Aramco ដែលជា​ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​បានប្រកាស​ពី​ប្រាក់ចំណេញកប់ក្តោង​សរុបដល់ទៅ ១៦១ ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ២០២១៕

ប្រភព៖ ALJAZEERA

ប្រែសម្រួល៖សុខ តុលា