អន្តរជាតិ

ចិនបញ្ជូនយន្តហោះមកតៃវ៉ាន់ ខណ:ពេលមេដឹកនាំកោះហោះទស្សនកិច្ចក្រៅប្រទេស

ចិនបញ្ជូនយន្តហោះត្រៀមប្រយុទ្ធមកកោះតៃវ៉ាន់ បង្កើនភាពតានតឹង ខណ:ប្រធានាធិបតីកោះ​លោកស្រីសៃអ៊ីងវិន ធ្វើដំណើរក្រៅប្រទេស។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីសកម្មភាពយោធារបស់ចិនថា យន្តហោះចម្បាំងចិនចំនួនប្រាំបួនគ្រឿង និងយន្តហោះគ្មានមនុស្សបើកយោធាមួយគ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មធ្យមក្នុងរយៈពេល 24 ម៉ោង ត្រូវជាថ្ងៃសៅរ៍ និងបានបន្តហោះពេញ​ចុងសប្តាហ៍។

បើតាមការឃ្លាំមើល យន្តហោះចិនចំនួនប្រាំបួនគ្រឿងថ្មីនេះ ហាក់កំពុងអនុវត្តការល្បាតត្រៀម​ប្រយុទ្ធដូចជាមែនទែនអ៊ីចឹង ជាទង្វើដែលក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា “បានបង្កើតភាពតានតឹងដោយចេតនា” និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាព។

ក្រសួងតៃវ៉ាន់បាននិយាយថា ជាការឆ្លើយតប តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅ​ព្រមានយន្តហោះចិនទាំងនោះវិញ ខណៈដែលប្រព័ន្ធមីស៊ីលក៏បានដាក់ឲ្យត្រួតពិនិត្យផងដែរ។

មិនមានការបញ្ជាក់ពីខាងទីក្រុងប៉េកាំងឡើយ។ ភាពតានតឹងនេះកើតឡើងចំពេលដែលលោកស្រីTsai មេដឹកនាំកោះតៃវ៉ាន់ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានសភាអាម៉េរិកថ្មីលោក McCarthy នៅ រដ្ឋLos Angeles តាមផ្លូវត្រឡប់មកតៃវ៉ាន់វិញនៅចុងខែនេះចេញពីអាម៉េរិកកណ្តាល។

ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា គ្មានហេតុផលសម្រាប់ប្រទេសចិនក្នុងការ “ប្រតិកម្មខ្លាំងពេក” ចំពោះដំណើរ “ធម្មតា និងមិនបង្កហេតុរបស់តៃវ៉ាន់ឡើយ៕