សន្ដិសុខសង្គម

រថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់រួចបើករត់ត្រូវពលរដ្ឋដេញចាប់បាន

ភ្នំពេញ​៖ រថយន្តម៉ាកMazda បានបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ រួចព្យាយាមបើករត់​ទាំងកិនម៉ូតូ​អូសជាច្រើនរយម៉ែត្រ ត្រូវអ្នកដំណើរដេញចាប់បានយកប្រគល់ឱ្យសមត្ថកិច្ច។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវលេខ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ កាលពីម៉ោងជាង១០យប់ថ្ងៃទី៣១ ខែមីនា។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា អ្នកបាត់បង់ជីវិតឈ្មោះ សាត សារី អាយុ៣៦ឆ្នាំ ជាអ្នកបើករថយន្តដឹកទឹកកក ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កន្លែងកំណើតឯស្រុកបាភ្នំ ខេត្តព្រៃវែង។

​មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូហុងដាគុបជ្រុងផ្លាកលេខក6517-កណ1 តាមផ្លូវលេខ៩២ ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តMazda ផ្លាកលេខភ្នំពេញ​ 2BB-6433 បើកមកពីមុខបានបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូដួលស្លាប់ភ្លាមៗ។ចំណែករថយន្តបង្កបានព្យាយាមបើករត់កិនទាំងម៉ូតូអូសច្រើនរយម៉ែត្រ ត្រូវបានអ្នកដំណើរ​ដេញឃាត់បានទាំងរថយន្តនិងតៃកុងរួចយកប្រគល់ឱ្យនគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ