អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ីអះអាងថា កងកម្លាំងអ៊ុយក្រែនបានរងការខាតបង់ធ្ងន់ធ្ងរណាស់

មេទាហានស៊ីឈ្នួលរុស្ស៊ីអះអាងថា កងកម្លាំងអ៊ុយក្រែនបានរងការខាតបង់ធ្ងន់ធ្ងរណាស់នៅសមរភូមិ​ក្រុងបាក់មុតខេត្តដូណេតភាគខាងកើត។

លោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីដែលហៅកាត់ថាជា Wagner Group បាននិយាយកាលពីថ្ងៃសុក្រទី ៣១ ខែមីនា តាមរយៈសម្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ​TASSរបស់រុស្ស៊ី។ នៅលើបណ្តាញសារ Telegram លោក Prigozhin បាននិយាយនៅក្នុងការឆ្លើយតប​ទៅនឹងសំណួរថា “ទេ កងទ័ពអ៊ុយក្រែនមិនរត់ទៅណាទេ។ កងទ័ពអ៊ុយក្រែនកំពុងប្រយុទ្ធនឹង​សមរភូមិបង្ហូរឈាម និងការពារ Artemivsk ដែលជា [Bakhmut] ក្នុងតម្លៃនៃការខាតបង់យ៉ាងធ្ងន់ធ្ងរ”។ Prigozhin ថា កងកម្លាំងរុស្ស៊ីចាំបាច់ត្រូវផ្តោតទៅលើទីក្រុង ប៉ុន្តែកងទ័ពត្រូវតែពង្រឹង ព្រោះកងកម្លាំងអ៊ុយក្រែនមិនចុះចាញ់ឡើយពោលគឺកំពុងតស៊ូខ្លាំង បើទោះបីជារង “ការខាតបង់យ៉ាងធ្ងន់ធ្ងរ” ក៏ដោយ។

លោក​បាន​បន្ត​ទៀតថា​៖ ​មាន​អគារ​ខ្ពស់ៗ​ប្រហែល ៨០០ ខ្នង​នៅ​បាក់​មុត។ ហើយវាមានលក្ខណៈភូមិសាស្រ្តស្មុគស្មាញក្រៃលែង ពិបាកក្នុងនោះពិពណ៌នា។ តែយ៉ាងណានៅពេល​ដែលលោកយក​បាក់​មុតបានទាំងស្រុង លោក​នឹង​និយាយ​ពី​រឿង​ហ្នឹងប្រាប់។

ការអះអាងរបស់មេទាហានស៊ីឈ្នួលនេះ កើតឡើងក្រោយគ្នានឹងអគ្គសេនាធិការនៃកងកម្លាំង​ប្រដាប់អាវុធអ៊ុយក្រែនរាយការណ៍ថា អ៊ុយក្រែនកំពុងបំបាក់កម្លាំងរុស្ស៊ីឲ្យចុះខ្សោយ មុនពេលដែលនឹងបើកការវាយផ្តាច់ឆាប់ៗនេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា