សេដ្ឋកិច្ច

ប្រធាន BNI Alliance អាណត្តិ​ថ្មី ប្តេជ្ញា​ដឹកនាំ Chapter ឱ្យ​កាន់តែ​រីកចម្រើន​និង​បង្កើន​ឱកាស​អាជីវកម្ម​

ដោយៈសិរីមតី

ភ្នំពេញ​៖ BNI Alliance កាលពី​ចុង​សប្តាហ៍​នេះ បានធ្វើ​ពិធី​ផ្ទេរតំណែង​ប្រធាន​ថ្មី អាណត្តិ​ទី​៥ ។​លោក សយ សូ​ឌី​ណា នាយក​ប្រតិបត្តិ​គ្លីនិក​កោះនរា បានទទួល​តំណែង​ថ្មី​គឺប្រធាន​ BNI Alliance សម្រាប់​អាណត្តិ​ឆ្នាំ​២០២៣​នេះ ជំនួស​លោក ភួ​ន វីរៈ ម្ចាស់​ក្រុមហ៊ុន Power Vision Energy Co.,Ltd ដែលជា​អតីត​ប្រធាន​BNI Alliance អាណត្តិ​ទី​៣​និង​ទី​៤​។​

BNI ជា​បណ្ដាញ​ធុរកិច្ច​ដ៏​ធំ​លំដាប់ថ្នាក់​ពិភពលោក និង​ជា​វេទិកា​ប្រមូលផ្ដុំ​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​អាចបង្កើត​ទំនាក់ទំនង​អាជីវកម្ម​ល្អ និង​យូរអង្វែង​ជាមួយគ្នា​ទៅវិញទៅមក​។ សមាជិក BNI ទាំងអស់​នឹង​ទទួលបាន​ការសិក្សា​ចំណេះដឹង​និង​គន្លឹះ​ល្អៗ​ក្នុងការ​ដឹកនាំ​អាជីវកម្ម តាមរយៈ​ប្រព័ន្ធ​របស់ BNI​។​

​លោក សយ សូ​ឌី​ណា ក្នុងនាម​ជា​ប្រធាន​អាណត្តិ​ទី​៥​បាន​សន្យា​និង​ប្តេជ្ញា​ថា​នឹង​ដឹកនាំ​Chapter BNI Alliance ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​និង​ដឹកនាំ ឲ្យ​ក្លាយទៅជា​Chapter ហ្គ្រី​ន ជាពិសេស​បង្កើត​ឱកាស​អាជីវកម្ម​កាន់តែ​ច្រើន​ដល់​សមាជិក ព្រមទាំង​ពង្រីក​សមាជិក​ឱ្យបាន​កាន់តែច្រើន​ក៏ដូចជា​ជួយ អភិវឌ្ឍ​ឱ្យ​Chapter​នេះ​ឡើងដល់​កម្រិត​ខ្ពស់​។​

​លោក​បាន​បន្តថា​៖​អាទិភាព​មុនគេ​សម្រាប់​អាណត្តិ​ថ្មី​នេះ​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​លើកទឹកចិត្ត​សមាជិក​ឲ្យ​ចូលរៀន​នូវ​វគ្គ​បណ្តុះបណ្តាល​BNI​និង​បង្កើន​ការដោះដូរ​អាជីវកម្ម​(Refferal)​ជូន​ពួកគាត់​ដើម្បី​បង្កើន​ប្រាក់ចំណូល​។​គិត​មកដល់ពេលនេះ​BNI Alliance​មាន​សមាជិក​៥១​នាក់​ហើយ​នៅពេល​អនាគត លោក​បាន​ប្ដេជ្ញា​ថា​នឹង​បង្កើន​ឲ្យ​ដល់​៨៥​នាក់​នៅក្នុង​អាណត្តិ​ទី​ប្រាំ​នេះ​។​

ទាក់ទង​នឹង​ផលប្រយោជន៍​នៃ​ការចូល​ជា​សមាជិក​BNI លោក សយ សូ​ឌី​ណា បាន​ថ្លែងឱ្យដឹងថា​៖​សមាជិក​ទាំងអស់​ទទួល​នូវ​ផល ប្រយោជន៍​៦​ធំៗ​គឺ ទី​១៖​មាន​ក្រុម​លក់​ដ៏​ធំ​ដែលមាន​ទៅដល់​៥១​រូប​រង់ចាំ​ជួយ​សមាជិក​ថ្មី​។​ទី​២៖​ទទួលបាន​សិទ្ធិផ្ដាច់មុខ​អាជីវកម្ម ដែល​នៅក្នុង​ឆេ​ប​ធ័​រ​នេះ មិន​មានមុខ​ជំនួញ​ជាន់គ្នា​នោះទេ​។​ទី​៣៖​ទទួលបាន​នូវ​ការដោះដូរ​អាជីវកម្ម​(Refferal)​ជា​រៀងរាល់​សប្ដាហ៍​។​ទី​៤៖​មាន​បណ្ដាញ​ទាំង​នៅក្នុង​ស្រុក​និង​អន្តរជាតិ ដែល​BNI នៅ​កម្ពុ​ជាមាន​សមាជិក​ប្រមាណ​ពីរពាន់​នាក់​ហើយ​នៅលើ​ពិភពលោក​មាន​ជាង​សិប​ម៉ឺន​នាក់​។​ទី​៥៖ ទំនាក់ទំនង​អាជីវកម្ម​យូរអង្វែង និង​ទទួលបាន​ភាពជឿជាក់ ទំនុកចិត្ត​លើ​គ្នា និង​ផ្តល់ឱកាស​ដល់​គ្នា​ទៅវិញទៅមក និង​ទី​៦៖​ម្ចាស់​អាជីវកម្ម​ទាំងអស់​ទទួលបាន​នូវ​ការរៀន​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម មានការ​បណ្តុះបណ្តាល​ជា​រៀងរាល់​ថ្ងៃជា​រៀងរាល់ខែ​និង​ជា​រៀង រាល់ឆ្នាំ​។​

​ប្រធាន BNI Alliance អាណត្តិ​ទី​៥ បាន​មានប្រសាសន៍​បញ្ជាក់ថា​៖​បច្ចុប្បន្ន​BNI Alliance ជាប់​លំដាប់ថ្នាក់​ទី​ប្រាំ​៦ ក្នុងចំណោម​ជាង​៣០ Chapter​។​នៅពេល​អនាគត​មាន​គោលបំណង​ធ្វើជា​Chapter BNI Alliance​ឡើងទៅ​ចំណាត់ថ្នាក់​លេខ​៣(Top 3)​។​

​លោក​បាន​បន្តថា​៖​ដើម្បី​ឡើងទៅ​លំដាប់​ទី​៣ សមាជិក​ទាំងអស់​ត្រូវ​រួបរួមគ្នា​ព្យាយាម​បំពេញ​ការប្ដេជ្ញាចិត្ត​ឲ្យ​បាន​ចំនួន​ប្រាំ​។​ទីមួយ​៖​ចូលរួម​ការប្រជុំ​ជា​រៀងរាល់​សប្ដាហ៍​។​ទី​ពីរ​៖​ជំនួប​ផ្ទាល់​មួយ​ទល់​មួយ​ដែលជា​ការជួប​ទល់មុខ​គ្នា​រវាង​ម្ចាស់​អាជីវកម្ម​ដើម្បី​ស្គាល់គ្នា​រឹតតែ​ច្បាស់​និង​ហុច​ឱកាស​អាជីវកម្ម​ឲ្យ​គ្នា​ទៅវិញទៅមក​។​ទី​បី​៖ ណែនាំ​និង​បោះ​អាជីវកម្ម​ឱ្យ​គ្នា​។​ទី​បួន​៖​រៀន​ជាប្រចាំ​តាមរយៈ​App​និង​ដោយ​ផ្ទាល់​។​ទី​ប្រាំ​៖​អញ្ជើញ​ភ្ញៀវ​ឱ្យចូល​រួម​ជា​សមាជិក​ដើម្បី​បង្កើន​ពី​៥១​ឱ្យដល់​៨៥​នាក់​។​

​លោក​សយ សូ​ឌី​ណា ក៏បាន​បាន​ថ្លែងអំណរគុណ​ទៅដល់ អតីត​ប្រធាន BNI Alliance គឺ​លោក អ៊ុំ សារា​វុ​ធ និង​លោក ភួ​ន វារៈ ដែល​បាន​បន្សល់​នូវ​ភាព​រីក ចម្រើន ជាច្រើន​នៅក្នុង ឆេ​ប​ធ័​រ​។​

​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ក្នុងចំណោម​សាម​ជិ​ក លោក សេង ចាន់​រិទ្ធី អនុប្រធាន​BNI AllianceB បាន​ឲ្យ​ដឹងថា​៦​ខែ​ចុងក្រោយ​ការផ្លាស់ប្តូរ​អាជីវកម្ម​ទៅវិញ ទៅមក​មាន​ជាងប្រាំបួន​ម៉ឺន​ដុល្លារ អាម៉េរិក​។​មានន័យថា​ក្នុង​មួយខែ​អាច​រកចំណូលបាន​ប្រហែល​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​។​

​លោក​បាន​ឱ្យដឹងទៀតថា​៖​ការដោះដូរ​អាជីវកម្ម​នៅក្នុង​ឆេ​ប​ធ័​រ​ដែល​សកម្ម​ជាងគេ​កន្លងមក​គឺ​ផ្នែក​ការរៀបចំ​ព្រឹត្តិការណ៍​និង​វិស័យ​សាង សង់ ៕