សន្ដិសុខសង្គម

បិទផ្លូវមិនឱ្យអ្នកភូមិជាង៣០០គ្រួសារនៅស្រុកលំផាត់ធ្វើដំណើរ

រតនគិរី៖អស់ពីបិទផ្លូវអ្នកភូមិស្រែឈូក ទៅបិទផ្លូវអ្នកភូមិថ្មីជាង៣០០គ្រួសារ នៅស្រុកលំផាត់ ខេត្តរតនគិរីមិនឱ្យធ្វើដំណើរ ត្រូវអ្នកភូមិកែនគ្នាបើកផ្លូវនោះវិញ។

លោក ថា ឡែវ តំណាងពលរដ្ឋ៣១២ គ្រួសារនៅភូមិថ្មី ខេត្តរតនគិរីបានប្រាប់អ្នកយកព័ត៌មាន Cambodia Flash News ថា កាលពីថ្ងៃទី១៤ ខែមីនា ក្រុមហ៊ុនចម្ការចេកវៀតណាម​ឈ្មោះ“ហ័ងអញលំផាត់” បានកាយផ្ដាច់ផ្លូវរួចធ្វើរបងលួសបិទជិតមិនឱ្យពលរដ្ឋ​ធ្វើដំណើរចេញចូលដូចមុនឡើយ។

កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនចម្ការចេកនេះបានកាយផ្ដាច់ផ្លូវមួយកន្លែងដែរ។ រហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយឡើយ។នៅថ្ងៃទី៣០ខែមីនានេះពួកគាត់បានកែនគ្នាចំនួន៣១២គ្រួសាររួមនិងត្រាក់ទ័រ៣គ្រឿងទៅលុបរណ្ដៅដីទាំង២កន្លែងនោះដើម្បីសម្រួលក្នុងការធ្វើដំណើរឡើងវិញ ព្រោះផ្លូវនោះមានប្រយោជន៍សំខាន់សម្រាប់ពលរដ្ឋទូទៅ។

លោកយ៉ាត ណាគ្រី មេឃុំជ័យឧត្ដម កាលពីថ្ងៃទី៣០ ខែមីនាអ្នកយកព័ត៌មានបានព្យាយាមសុំការពន្យល់ជុំវិញរឿងខាងលើ តែលោកប្រាប់ថាជាប់រវល់។ លោកស៊ូ ផល្លី អភិបាលស្ដីទីស្រុកលំផាត់ រសៀលថ្ងៃទី៣០ ខែមីនាបានប្រាប់ឱ្យដឹងដែរថា កន្លងមកពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរស្រុកជួយដោះស្រាយបើកផ្លូវនោះឡើងវិញ។តែខាងក្រុមហ៊ុនថានឹងធ្វើផ្លូវថ្មីឱ្យពលរដ្ឋដាច់ដោយឡែក ព្រោះក្រុមហ៊ុនមិនចង់ឱ្យដើរកាត់ទីនោះខ្លាចបាត់សម្ភារ តែឥឡូវផ្លូវមិនទាន់ធ្វើផង ខាងក្រុមហ៊ុនក៏បិទផ្លូវចាស់បន្ថែមទៀត។

លោកខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីទទួលបន្ទុកដីធ្លី នៅថ្ងៃទី៣០ ខែមីនានេះមិនអាចសុំការពន្យល់ជុំវិញក្រុមហ៊ុនចម្ការចេកបានបិទផ្លូវនេះបានទេ។ប៉ុន្តែប្រភពមួយបានឱ្យដឹងថារឿងនេះអាផ្ញាធរខេត្តបានរាយការណ៍ទៅថ្នាក់ជាតិដើម្បីឱ្យជួយដោះស្រាយបញ្ចប់រឿង៕ដោយ៖បានលុង