សន្ដិសុខសង្គម

ដំរីព្រៃ១ក្បាលបោលបុកជនបរទេសម្នាក់នៃអង្គការ WWF ទម្លុះខ្នងរងរបួសធ្ងន់

មណ្ឌលគិរី៖ជនបរទេសជាតិម៉ាឡេស៊ីម្នាក់ បម្រើការងារឱ្យអង្គការ WWF ត្រូវដំរីព្រៃមួយក្បាលបោលបុក​ពីក្រោយដោយប្រើភ្លុកទម្លុះខ្នងធ្លាយមកខាងមុខធ្វើឱ្យរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែកបានឱ្យដឹងថា មានដំរីព្រៃមួយក្បាលបានបោលបុកជនជាតិបរទេសជាតិម៉ាឡេស៊ីម្នាក់ បម្រើការងារឱ្យអង្គការWWF ចំពីក្រោយ ដោយប្រើភ្លុកទម្លុះខ្នងធ្លាយទៅខាងមុខ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ដ៏ព្រឺព្រួចនោះបានកើតឡើងនៅម្តុំត្រពាំងមេតយ ស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣១ ខែមីនា។ជនរងគ្រោះឈ្មោះ រ៉ូ ផាន់ អាយុប្រហែលជាង៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី ខណៈពេលទៅបាញ់ថ្នាំសណ្ដំដើម្បីដាក់កាមេរ៉ានៅប្រឡៅកដំរី ប៉ុន្តែមិនទាន់បាន​បាញ់ផងត្រូវដំរីនោះបោលបុកពីក្រោយតែម្តង។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានក្រុមការងារនៃអង្គការ WWF ដឹកទៅសង្គ្រោះនៅ​មន្ទីរពេទ្យខេត្តមណ្ឌលគិរី ហើយបន្តដឹកតាមឧទ្ធាគចក្រទៅរាជធានីភ្នំពេញ៕ដោយ៖សុខុម