សន្ដិសុខសង្គម

កូនប្រុសតិរច្ឆានអារកម្តាយយ៉ាងសាហាវ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖កូនប្រុសបង្កើតចិត្តតិរច្ឆានម្នាក់ បានអារកម្តាយយ៉ាងសាហាវ បណ្តាលឱ្យអ្នកមានគុណ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅផ្ទះជួលជាន់ទី១ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីម៉ោង៩យប់ថ្ងៃទី៣១ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាម្ដាយដែលស្លាប់ឈ្មោះ តយ លឿ អាយុ៦០ឆ្នាំ បម្រើការផ្នែក អនាម័យផ្ទះសំណាក់មួយ។កន្លែងកំណើតភូមិច្រេះ ស្រុកមេសាង ខេត្តព្រៃវែង។ចំណែកជនដៃដល់ ឈ្មោះឈាត ឆែ អាយុជាង៣០ឆ្នាំ​ ជាអ្នកលើកអីវ៉ាន់នៅផ្សារនាគមាស។

ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យជាកូនមានជំងឺសរសៃប្រសាទជាយូរមកហើយ ។មុនកើតហេតុ​ បុរសជាកូនបានសុំលុយម្ដាយចំនួន៣៥ម៉ឺនរៀល តែម្ដាយមិនឱ្យ។​បន្ទាប់មកស្រាប់តែឮស្ត្រីរូបនោះបានស្រែកឱ្យគេជួយ ហើយក៏ឃើញកូនអារកយ៉ាងសាហាវ បណ្តាលឱ្យម្តាយស្លាប់នៅក្នុងថ្លុកឈាមតែម្តង។

មន្ត្រីមូលដ្ឋានបានឱ្យដឹងទៀតថា កូនប្រុសស្ត្រីរងគ្រោះតែងតែសុំលុយម្ដាយយកទៅលេងល្បែង តាមអនឡាញជាញឹកញាប់ ហើយចាញ់អស់រួចមកសុំទៀត។នៅថ្ងៃកើតហេតុបានសុំលុយម្ដាយ តែមិនឱ្យ​ក៏ផ្ទុះកំហឹងយកកាំបិតអារកម្ដាយឱ្យស្លាប់។ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋនាំគ្នា ឃាត់ខ្លួនយកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់​៕ដោយ៖វិចិត្រ