អន្តរជាតិ

អ៊ុយក្រែនរៀបចំបើកការវាយផ្តាច់ ខណៈទាហានស៊ីឈ្នួលរុស្ស៊ីកំពុងកឿងបុកលែងចូលនៅបាក់មុត

អ៊ុយក្រែនរៀបចំបើកការវាយផ្តាច់ក្នុងពេលឆាប់ៗនេះ ខណៈដែលទាហានស៊ីឈ្នួល    រុស្ស៊ីហាក់កំពុងកឿង​រុលមិនចូល វាយអ៊ុយក្រែនមិនបែកនៅក្រុងបាក់មុតសមរភូមិក្តៅលេខ១នៃខេត្ត​ដូណេតភាគខាងកើត។

នេះដោយយោងទៅតាមលោកវរសេនីយ៍ឯក Oleksandr Syrskyi ដែលជាមេបញ្ជាការ​កងកម្លាំងជើងគោករបស់អ៊ុយក្រែន។ តាមការដកស្រង់ មេបញ្ជាការរូបនេះបានពន្យល់ និងផ្តល់ការកត់សម្គាល់ថា រុស្ស៊ីទទួលបានជោគជ័យតែមួយផ្នែកប៉ុណ្ណោះនៃខេត្តដូណេត។ តាមពិតទៅ “អ៊ុយក្រែនគឺនៅតែកំពុងកាន់កាប់គ្រប់គ្រងបាក់មុតដដែល”។ លោកថា “ភារកិច្ចចម្បងរបស់យើង​គឺត្រូវកាត់បន្ថយកម្លាំងដ៏លើសលប់របស់សត្រូវ និងធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ នេះនឹង … បង្កើនល្បឿននៃជ័យជម្នះរបស់យើង” ។ អ្នកនាំពាក្យកងកម្លាំងបូព៌ា លោក Serhiy Cherevaty បាននិយាយថា “អង្គភាពទាហានស៊ីឈ្នួល Wagner ឥឡូវនេះត្រូវបានពង្រឹងដោយកងទ័ពជាតិរុស្ស៊ី​ជាប្រចាំ ដោយសារតែការខាតបង់ទាំងនេះ”។

ទីប្រឹក្សាយោធារបស់ចក្រភពអង់គ្លេស លោក Ian Stubbs បានប្រាប់អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្រុងវីយែននៅអឺរ៉ុបថា រុស្ស៊ីបានទទួលរងគ្រោះ និងរបួសយ៉ាងច្រើនណាស់នៅ Bakhmut។ “ការវាយលុករបស់ពួកគេហាក់ដូចជាជាប់គាំង របាយការណ៍បង្ហាញថា យោធារុស្ស៊ី និងក្រុមស៊ីឈ្នួល Wagner ត្រូវការជាបន្ទាន់ដើម្បីបំពេញបន្ថែម​បុគ្គលិក និងស្តុកគ្រាប់បែក។ យុទ្ធជនរុស្ស៊ីប្រហែល ៣០០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីសមរភូមិ Bakhmut បានចាប់ផ្តើមកាលពី ៩ ខែមុន ខណៈក្រុមទាហានស៊ីឈ្នួលបានរុលចូលត្រឹមតែ ២៥ គីឡូម៉ែត្រប៉ុណ្ណោះ។

មជ្ឈមណ្ឌលតស៊ូជាតិរបស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ីកំពុងស្វែងរកជួលទាហានស៊ីឈ្នួលចំនួន ២០០០នាក់ពីប្រទេសបេឡារុស ដើម្បីបំពេញបន្ថែមចំនួនអ្នកប្រយុទ្ធដែលមាន​បទពិសោធន៍ធ្លាក់ចុះរបស់ខ្លួន ហើយថែមទាំងបានជួលទាហាន​ស៊ីឈ្នួលចំនួន ១០០ នាក់ពីប្រទេសអង់ហ្គោឡាផងដែរ។

ជាការវាយរំដោះនាពេលដ៏ខ្លីខាងមុខនេះ អគ្គសេនាធិការនៃកងកម្លាំងអ៊ុយក្រែនបាន ផ្តល់ការវាយតម្លៃយុទ្ធសាស្រ្តថា “ភារកិច្ចចម្បងរបស់យើងគឺត្រូវកាត់បន្ថយកម្លាំង​ដ៏លើសលប់របស់សត្រូវឲ្យថយចុះម្តងបន្តិចៗ និងបន្តរហូតដល់ខ្សោយខ្លាំង នោះយើងនឹងបើកការវាយរំដោះដើម្បីជ័យជម្នះរបស់យើង”។

ជុំវិញការអះអាងនេះ រុស្ស៊ីមិនបានឆ្លើយតបថ្មីទេ តែខាងមេទាហានស៊ីឈ្នួលបាននិយាយថា អ៊ុយក្រែនពិតជាកំពុងធ្វើបែបនេះមែន ដោយព្យាយាមកាត់ផ្តាច់ការប្រមូលផ្តុំទាហានរុស្ស៊ីគួរឲ្យ​ព្រួយបារម្ភ។ បើរុស្ស៊ីមិនយកចិត្តទុកដាក់ទេ នោះនឹងត្រូវប្រឈមបរាជ័យជាមិនខាន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា