សន្ដិសុខសង្គម

រកចាប់អ្នកបើករថយន្តបុកម៉ូតូនិងកិនបុរសម្នាក់ឱ្យស្លាប់រួចបើករត់

ភ្នំពេញ៖សមត្ថកិច្ចតាមរកចាប់អ្នកបើករថយន្តបុកម៉ូតូ ធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ ម៉ូតូរងការខូចខាត​ស្ទើរទាំងស្រុង ហើយបើករត់ ចាប់បានតែរថយន្ត ដោយតៃកុងចុះរត់បាត់។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅជិតបុរីហ្គ្រេនភ្នំពេញ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីម៉ោង៩យប់ថ្ងៃទី៣០ ខែមីនា។

មន្ត្រីប៉ុស្តិ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ បូវណ្ណនឿន អាយុ៣២ឆ្នាំ ជាជាងសំណង់​កន្លែងកំណើតភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខកំពង់ស្ពឺ1V-5283។

មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីជើងទៅត្បូង។មកដល់កន្លែងខាងលើស្រាប់តែ​មានរថយន្តម៉ាកPRADO ផ្លាកលេខភ្នំពេញ2C-4448 បើកមកពីក្រោយបានបុករួចកិន​ហើយអូសម៉ូតូនិងមនុស្សជាច្រើនម៉ែត្រធ្វើឱ្យស្លាប់ភ្លាម។ចំណែករថយន្តបង្កបានព្យាយាម​បើករត់ទាំងបែកកង់មុខរហូតដល់សង្កាត់ច្រាំងចំរេះទី២  ខណ្ឌឫស្សីកែវទើបពលរដ្ឋចាប់បានតែរថយន្ត រីឯតៃកុងបានចុះរត់គេចខ្លួនបាត់។

ក្រោយមកសមត្ថកិច្ចជំនាញបានយករថយន្តនិងម៉ូតូទៅទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ហើយបន្តរកចាប់អ្នកបើកបរយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ